នៅពេលត្រូវបានកងទ័ពថៃ រកឃើញ បុរសម្នាក់ដែលជា ជនជាតិវៀតណាម អាយុ ៣៧ ឆ្នាំ បានប្រាប់ថា ខ្លួនចែវទូកកៅស៊ូ រយៈពេល ១៨ មកហើយនៅលើសមុទ្រ បំណងឆ្ពោះទៅកាន់ ប្រទេសឥណ្ឌា ដើម្បីជួបប្រពន្ធ។
កងទ័ពថៃ ឱ្យដឹងថា ពួកគេទទួលបានរបាយការណ៍ពីអ្នកនេសាទក្នុងតំបន់កាលពីថ្ងៃទី ២៣ មីនា អំពីបុរសម្នាក់កំពុងចែវទូកកៅស៊ូសប់ខ្យល់ នៅតំបន់សមុទ្រ ចម្ងាយប្រហែល ១៤ គីឡូម៉ែត្រ ពីប្រជុំកោះ Similan។
មួយម៉ោងក្រោយមក កម្លាំងសង្គ្រោះរបស់ ថៃ ក៏បានទៅដល់កន្លែងកើតហេតុ និងបានឃើញទូកកៅស៊ូត្រូវបានចងទៅនឹងទូកនេសាទរបស់ ប្រជាជនថៃ។ បុរសដែលនៅលើទូកកៅស៊ូនោះ ត្រូវបានគេដឹងថា មានឈ្មោះ Ho Hoang Hung អាយុ ៣៧ ឆ្នាំ ជាជនជាតិវៀតណាម។
នៅលើទូកតូចប្រវែង ២.៥ ម៉ែត្រ របស់បុរសនោះ មានធុងទឹកមួយដែលជិតអស់ទឹករលីង រួមនឹងមីប្រហែល ១០ កញ្ចប់ និងវ៉ាលិសមួយ។
បុរសខាងលើបានប្រាប់ថា គាត់កំពុងចែវទូកទៅកាន់ ប្រទេសឥណ្ឌា ដើម្បីជួបប្រពន្ធដែលកំពុងរស់នៅក្នុងទីក្រុង Mumbai។ បុរសនេះបន្ថែមថា ពួកគេបានរៀបការកាលពី ២ ឆ្នាំមុន នៅមុនពេលត្រូវបានឃ្លាតពីគ្នាដោយសារជំងឺរាតត្បាតសកល កូវីដ-១។
Hung និយាយថា ខ្លួនបានធ្វើដំណើរតាមយន្តហោះពី ទីក្រុងហូជីមិញ ទៅកាន់បាងកក ប្រទេសថៃ កាលពីថ្ងៃទី ២ មីនា ហើយគ្រោងនឹងបន្តដំណើរតាមយន្តហោះទៅកាន់ ប្រទេសឥណ្ឌា ប៉ុន្តែ សុំទិដ្ឋាការមិនបាន។
ក្រោយមក បុរសនេះក៏បានជិះរថយន្តក្រុងពី បាងកក ទៅកាន់ ភូកេត និងទិញទូកកៅស៊ូមួយគ្រឿង ចេញដំណើរពីថ្ងៃទី ៥ មីនា ក្នុងបំណងឆ្លងកាត់សមុទ្រចម្ងាយ ២,០០០ គីឡូម៉ែត្រ ទៅកាន់ ប្រទេសឥណ្ឌា។ គាត់ត្រូវបានក្រុមអ្នកនេសាទប្រទះឃើញ បន្ទាប់ពីធ្វើដំណើរបាន ១៨ ថ្ងៃ នៅលើសមុទ្រ។
សមត្ថកិច្ចថៃ បាននាំបុរសនេះទៅកាន់ការិយាល័យរបស់ឧទ្យានជាតិ Mu Ko Similan នៅ Phangnga ដើម្បីសាកសួរបន្ថែម៕