Skip to content

ទ័ពអាកាស​រុស្ស៊ី «ប្ដូរ​យុទ្ធសាស្ត្រ» សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

សហគមន៍​អ្នកជំនាញ​ផ្នែក​យោធា និង​ក្រុមមន្ត្រី​អាម៉េរិក អះអាងថា ទ័ពអាកាស​របស់ រុស្ស៊ី បង្កើន​ការហោះហើរ​ច្រើនជាង​មុន ៥០% និង​បញ្ជូន UAV និង​អាវុធ​បន្ថែមទៀត ទៅកាន់ អ៊ុយ​ក្រែ​ន។

Washington Post កាលពី​ថ្ងៃទី ២៣ មីនា ដកស្រង់​សម្ដី​របស់​មន្ត្រី​ការពារជាតិ​អាម៉េរិក រួម​នឹង​ក្រុម​អ្នកជំនាញ​ផ្នែក​យោធា វាយតម្លៃថា រុស្ស៊ី បង្កើន​សកម្មភាព​រប​ស់ទ័ព​អាកាស​នៅ អ៊ុយ​ក្រែ​ន ក្រោយពី​យន្តហោះ​ជាច្រើន​គ្រឿង​ត្រូវបាន អ៊ុយ​ក្រែ​ន បាញ់​ទម្លាក់ ក្នុងពេលដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស MANPADS (Man-portable air-defense systems -MPADS) រាប់ពាន់​ឈុត ទៅឱ្យ ទីក្រុង​កៀវ។

មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ស្ថាប័ន​ការពារជាតិ​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២១ មីនា ឱ្យដឹងថា ទ័ពអាកាស​របស់ រុស្ស៊ី បានធ្វើការ​ហោះហើរ​ប្រហែល ៣០០ លើក ក្នុងអំឡុង ២៤ ម៉ោង កើន ១០០ លើក ធៀប​នឹង​ការហោះហើរ​ប្រចាំ​ថ្ងៃមុន​នោះ។

«ទ័ពអាកាស​រុស្ស៊ី ទំនងជា​បាន​កែសម្រួល​យុទ្ធសាស្ត្រ​នៃ​ការធ្វើសកម្មភាព» Michael Kofman ប្រធាន​ផ្នែក​ស្រាវជ្រាវ​អំពី រុស្ស៊ី ប្រចាំ​ស្ថាប័ន​ប្រឹក្សា CAN ដែលមាន​មូលដ្ឋាន​នៅ Virginia ថ្លែង​ដូច្នេះ។

យោងតាម Kofman អ៊ុយ​ក្រែ​ន ហាក់​ប្រមូលផ្ដុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅតាម​តំបន់​សំខាន់​មួយចំនួន ដូចជា រដ្ឋធានី និង​ទីក្រុង​ធំ​ទី​ពីរ ខា​កូវ។ ប្រការនេះ នាំឱ្យ រុស្ស៊ី អាច​បើក​ការវាយប្រហារ​តាម​អាកាស​លើ​តំបន់​ជុំវិញ​ទីក្រុង ម៉ា​រី​ប៉ូឡ (Mariupol) នៅ​ភាគខាងត្បូង​ប្រទេស ជាទី​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា។

ប្រព័ន្ធ MANPADS ដែល អ៊ុយ​ក្រែ​ន កំពុង​ប្រើប្រាស់ បាន​រារាំង​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​យោធា​របស់ រុស្ស៊ី ប៉ុន្តែ ទីក្រុង​មូ​ស្គូ ទំនងជា​បាន​ទប់​ទល់នឹង​បញ្ហា​នេះ​ដោយ​ការ​គេច​ចេញពី​រង្វង់​ប្រតិបត្តិការ​របស់​មី​ស៊ី​ល​ខាងលើ។ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ ១ រូប​របស់ អាម៉េរិក និយាយថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី មិនដែល​បានចេញ​ផុតពី​ដែនអាកាស​របស់ រុស្ស៊ី ឬ បេឡា​រូស ដោយ​ពួកគេ ភាគច្រើន ធ្វើការ​វាយប្រហារ​ចូល ទឹកដី​អ៊ុយ​ក្រែ​ន ពី​ដែនអាកាស​ខាងក្រៅ។

ប្រព័ន្ធ​អាវុធ​មួយចំនួន​របស់ រុស្ស៊ី ដើមឡើយ​មិន​បង្ហាញ​វត្តមាន​ក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ ពេលនេះ​វា​បានបង្ហាញ​ខ្លួន​កាន់តែ​ញឹកញាប់ ក្នុងនោះ​មាន​ទាំង​យន្តហោះ​ឈ្លប​ការណ៍​គ្មាន​មនុស្ស​បើក Orlan-១០ ផងដែរ។

កាលពី​ថ្ងៃទី ១៩ មីនា រុស្ស៊ី ក៏បាន​ទទួលស្គាល់ថា បាន​ប្រើប្រាស់​កាំជ្រួច​ផ្លោង​ល្បឿន​លឿន​ជាង​សំឡេង Kinzhal ជា​លើកដំបូង វាយប្រហារ​ទៅលើ​មូលដ្ឋាន​មួយ​នៅ​តំបន់ Ivano-Frankivsk ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ មួយថ្ងៃ​ក្រោយមក ទីក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា បាន​បន្ត​បើក​ការវាយប្រហារ​ដោយ Kinzal ទៅលើ​ឃ្លាំង​ដាក់​ប្រេង​នៅក្បែរ​ភូមិ Kostyantynivka ក្នុង​ខេត្ត Mykolaiv ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន។

យ៉ាងនេះ​ក្ដី ក្រុមមន្ត្រី​ជំនាញ​ឱ្យដឹងថា មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​របស់ រុស្ស៊ី នឹង​មិនអាច​ប្ដូរផ្លាស់​ស្ថានភាព​ប្រយុទ្ធ​បាន​ច្រើន​នោះទេ ដោយសារ​ចំនួន​គ្រាប់​មី​ស៊ី​ល​ប្រភេទ​នេះ មាន​មិន​ច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *