ល្ងាចថ្ងៃទី ២៣ មីនា (ម៉ោងនៅ ប៉េកាំង) សារព័ត៌មានចិន បានផ្សាយថា កម្លាំងសមត្ថកិច្ចបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ Boeing ៧៣៧-៨០០ ដែលបានជួបគ្រោះថ្នាក់ ធ្លាក់នៅក្នុងខេត្ត Guangxi កាលពីថ្ងៃទី ២១ មីនា។
ទីភ្នាក់ងារសារព័ត៌មាន People’s Daily របស់ ចិន ចុះផ្សាយថា ទើបតែបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅរបស់យន្តហោះ Boeing ៧៣៧-៨០០ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines។
ការរកឃើញនេះនឹងជួយឱ្យក្រុមអ្នកជំនាញស្រាវជ្រាវដឹងអំពីហេតុការណ៍នានា មុនពេលយន្តហោះធ្លាក់ដល់ខ្នងភ្នំមួយរបស់ទីក្រុង Wuzhou នៃតំបន់ស្វយ័តជនជាតិ Zhuang នៅខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។
ក្នុងថ្ងៃនេះ បេសកកម្មស្វែងរកប្រអប់ខ្មៅ និងសង្គ្រោះជនរងគ្រោះត្រូវបានផ្អាក ដោយសារមេឃភ្លៀងខ្លាំង ខណៈដែលរណ្ដៅដ៏ជ្រៅដែលកើតឡើងដោយសារយន្តហោះធ្លាក់បុក ក៏ត្រូវលិចក្នុងទឹក។
បច្ចុប្បន្ន អាជ្ញាធរមិនទាន់កំណត់បាននូវមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះនេះនៅឡើយ ដោយសារប្រអប់ខ្មៅនានារបស់យន្តហោះនេះកំពុងត្រូវបានស្វែងរក ចំណែកប្រអប់ខ្មៅដែលទើបរកឃើញ ត្រូវការពេលដើម្បីដំណើរការស្រង់ទិន្នន័យ៕