Amellia Anisovych អាយុ ៧ ឆ្នាំ ធ្លាប់បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងដោយបានច្រៀងចម្រៀងបទ «Let it go» ក្នុងបន្ទប់ក្រោមដីការពារគ្រាប់បែកនៅ រដ្ឋធានីកៀវ បានឡើងឆាកសម្ដែងនៅចំពោះមុខមនុស្សរាប់ពាន់នាក់នៅ ប្រទេសប៉ូឡូញ ជាទឹកដីដែលគ្រួសាររបស់នាងកំពុងជ្រកកោន។
បន្ទាប់ពីជម្លៀសចេញពី ប្រទេសអ៊ុយក្រែន កុមារី Amellia ក៏ត្រូវបានអញ្ជើញឱ្យចូលរួមសម្ដែងក្នុងពិធីប្រគំតន្ត្រីរៃអង្គាសប្រាក់មួយនៅទីក្រុង Lodz ភាគកណ្ដាលនៃ ប្រទេសប៉ូឡូញ ជាកន្លែងរស់នៅថ្មីរបស់គ្រួសារនាង។
Amellia ស្លៀកពាក់តាមបែបប្រពៃណី បង្ហាញខ្លួននៅលើឆាកតន្ត្រី នៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ និងច្រៀងចម្រៀងជាតិរបស់ អ៊ុយក្រែន។ បន្ទាប់ពី Amellia ច្រៀងចប់ ទស្សនិកជនគ្រប់រូប នាំគ្នាក្រោកឈរ ទះដៃលើកទឹកចិត្តដល់ក្មេងស្រីរូបនេះ។
ពិធីប្រគំតន្ត្រីដែល Amellia បានចូលរួមសម្ដែង ត្រូវបានធ្វើឡើងក្នុងបំណងរៃអង្គាសប្រាក់សម្រាប់អង្គការមនុស្សធម៌មួយនៅ ប៉ូឡូញ ដើម្បីជួយដល់ ជនភៀសខ្លួនអ៊ុយក្រែន ដែលបានមកដល់ព្រំដែនរបស់ប្រទេសនេះ។
ព្រឹត្តិការណ៍ខាងលើ រៃអង្គាសប្រាក់បាន ៣៨០,០០០ ដុល្លារអាម៉េរិក ពីថ្លៃសំបុត្រចំនួនប្រហែល ១០,០០០ សំបុត្រ ដែលបានលក់មុនការសម្ដែង។
Amellia ធ្លាប់ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងកាលពីដើមខែមីនា ព្រោះតែច្រៀងចម្រៀងបទ Let it go ដែលជាបទចម្រៀងក្នុងភាពយន្តតុក្កតារឿង Frozen ពីបន្ទប់លាក់ខ្លួនក្រោមដីមួយនៅ រដ្ឋធានីកៀវ។ វីដេអូដែលបង្ហាញអំពីទិដ្ឋភាព Amellia ច្រៀងពីក្នុងបន្ទប់ក្រោមដី បានទាក់ទាញអ្នកចូលមើលរាប់លានលើកក្នុងបណ្ដាញសង្គម នាំឱ្យ Amellia មានឈ្មោះល្បី និងត្រូវបានដាក់រហ័សនាមថា «ក្មេងស្រី Let it go»។
ចាប់តាំងពី រុស្ស៊ី បានចូលលុកលុយក្នុង ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ សង្គ្រាមមិនទាន់មានសញ្ញាថមថយនៅឡើយ និងធ្វើឱ្យប្រជាជនអ៊ុយក្រែន នាំគ្នាភៀសខ្លួនទៅបរទេស។ ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឱ្យដឹងថា ប្រជាជនអ៊ុយក្រែន ជិត ៣.៦ លាននាក់ បានភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ក្នុងនោះមានជាង ២ លាននាក់ បានទៅដល់ ប្រទេសប៉ូឡូញ៕