Skip to content

អូស្ត្រាលី ប្រកាស​បង្កើត «​បញ្ជាការ​ដ្ឋា​ន​កងទ័ព​អវកាស»

រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​បង្កើត​បញ្ជាការ​ដ្ឋា​ន​កងទ័ព​អវកាស ដែលមាន​ភារកិច្ច​ធានា​ឋានៈ​របស់​ប្រទេស​នេះ នៅក្នុង​បរិស្ថាន​អវកាស ដែល​នឹង​ប្រកបដោយ «ភាពចម្រូងចម្រាស»។

«អវកាស​កំពុង​ប្រែ​ទៅជា​មមាញឹក​ជាង​មុន និង​បាន​កើតមាន​ជម្លោះ ពិសេស​គឺ​នៅពេល​ព្រំដែន​រវាង​ការប្រកួតប្រជែង និង​ជម្លោះ កាន់​តែមាន​ភាពស្រពេចស្រពិល តាមរយៈ​សកម្មភាព​តំបន់​ប្រផេះ» រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី Peter Dutton ថ្លែង​នៅក្នុងពេល​បង្ហាញ​បញ្ជាការដ្ឋាន​កងទ័ព​អវកាស នា​ថ្ងៃនេះ។

លោក Dutton អះអាងថា អវកាស​ប្រាកដជា​នឹង​ក្លាយជា​វិស័យ​ដែល​ប្រកបដោយ​អត្ថន័យ​យោធា​ធំធេង​នៅក្នុង​សតវត្សរ៍​នេះ។ ក្រសួងការពារជាតិ​អូស្ត្រាលី ឱ្យដឹងថា បញ្ជាការដ្ឋាន​កងទ័ព​អវកាស​អូស្ត្រាលី នឹងមាន​ទ្រង់ទ្រាយ​តូច​នៅ​គ្រា​ដំបូង ប៉ុន្តែ​មិនទាន់​បញ្ជាក់​លម្អិត​អំពី​អង្គភាព ឬ​ថវិកា​សម្រាប់​ស្ថាប័ន​នេះ​នៅឡើយ។

រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី Peter Dutton

បញ្ជាការដ្ឋាន​កងទ័ព​អវកាស​អូស្ត្រាលី នឹង​ត្រូវបាន​ដឹកនាំ​ដោយ Cath Roberts ដែលជា​មេបញ្ជាការរង​កងទ័ព​អាកាស​របស់​ប្រទេស​នេះ។ បុគ្គលិក​របស់​ស្ថាប័ន​ថ្មី​នេះ​នឹងត្រូវ​បានជ្រើសរើស​ចេញពី​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​របស់ អូស្ត្រាលី ក៏ដូចជា​មកពី​បណ្ដា​ក្រុមហ៊ុន​វិនិយោគឯកជន។

បញ្ជាការដ្ឋាន​កងទ័ព​អវកាស​អូស្ត្រាលី នឹង​អាច​សហការ​ជាមួយ អាម៉េរិក នៅ​ទី​អវកាស។ សហរដ្ឋ​អាម៉េរិក ក្នុងសម័យ​លោក Donald Trump កាលពី​ឆ្នាំ ២០១៩ ក៏បាន​បង្កើត បញ្ជាការដ្ឋាន​កងទ័ព​អវកាស​ របស់​ខ្លួន ដែល​ទទួល​ភារកិច្ច​ក្នុង​បេសកកម្ម​ប្រយុទ្ធ​នៅ​ទី​អវកាស៕

Leave a Reply

Your email address will not be published. Required fields are marked *