Skip to content

ភព​ពុធ អាចមាន​ត្បូង​ពេជ្រ​ប្រមាណ ១៦,០០០,០០០,០០០,០០០,០០០ តោន

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវ​បានប្រកាស​នៅឯ​វេទិកា​វិទ្យាសាស្ត្រ​ស្ដីពី ភព និង​ព្រះ​ចន្ទ (LPSC) នៅ Houston, Texas សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង​បាន​បង្ហាញថា ភព​ពុធ (Mercury) អាច​ពោរពេញ​ដោយ​ត្បូង​ពេជ្រ។

ភព​ពុធ ត្រូវបាន​គ្របដណ្ដប់​ដោយ​ស្រទាប់ graphite ជា​កាបូន​ដើម​មួយ​ប្រភេទ​ដែល​អាច​ប្រែប្រួល​ទៅជា​ត្បូង​ពេជ្រ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​អាចម៍ផ្កាយ កូន​ភព និង​ផ្កាយដុះកន្ទុយ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ភព​ពុធ ទទួលរង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ពី​យុគសម័យ​ភ្លៀង​អាច៍​ផ្កាយ​ដំណាក់កាល​ចុងក្រោយ​ដែល​ហៅថា Late Heavy Bombardment កាលពី ប្រព័ន្ធ​ព្រះអាទិត្យ ទើប​កកើត អំឡុង​ពី ៤.១ ដល់ ៣.៨ ពាន់​លាន​ឆ្នាំមុន នៅពេល​មាត់​រណ្ដៅធំៗនៅលើ ព្រះ​ចន្ទ បង្ហាញខ្លួន។ ប៉ុន្តែ ភព​ពុធ មាន​មាត់​រណ្ដៅ​ធំ​ជាង​ឆ្ងាយ ធៀប​នឹង​ព្រះ​ចន្ទ នាំឱ្យមាន​ករណី​ប៉ះទង្គិច បង្កើតបានជា​ត្បូង​ពេ​ជ្យ។

ភព​ពុធ ចាប់ផ្ដើម​មាន​សម្បក graphite ស្ដើង បន្ទាប់ពី​វា​ចុះ​ត្រជាក់ នេះ​បើតាម Kevin Cannon សាស្ត្រាចារ្យ​រង​ផ្នែក​ភូគព្ភសាស្ត្រ និង​ធនធាន​អវកាស នៃ​សាលា​រ៉ែ Colorado។ អាចម៍ផ្កាយ និង​ផ្កាយដុះកន្ទុយ ហោះ​មក​បុក​ស្រទាប់​សម្បក graphite របស់ ភព​ពុធ ក្នុង​ល្បឿន​រាប់សិប​គីឡូម៉ែត្រ/វិនាទី បង្កើតបានជា​សម្ពាធ​ខ្ពស់​គ្រប់គ្រាន់​ដែល​អាចធ្វើឱ្យ graphite ប្រែក្លាយ​ទៅជា​ត្បូង​ពេ​ជ្យ។

ក៏ប៉ុន្តែ ដោយសារតែ​ស្ថិតនៅ​ក្បែរ​ស្រទាប់​លើ​របស់​ផ្ទៃ​នៃ ភព​ពុធ ដូច្នេះ ត្បូង​នៅ​ទីនោះ អាច​ខុសប្លែក​ពី​ត្បូង​ពេជ្រ​ដែល​មនុស្ស​យកមក​ធ្វើជា​គ្រឿងអលង្ការ។ វា​នឹង​ដូច​ទៅនឹង​ត្បូង​ពេជ្រ​ល្អក់តូចៗដែល​គេ​ប្រើ​ក្នុងការ​កាត់ ឬ​ឈូស នៅក្នុង​វិស័យ​ឧស្សាហកម្ម។

ការពិសោធ​ដោយ​ប្រព័ន្ធ​កុំ​ព្យូ​ព័រ​បង្ហាញថា ស្រទាប់ graphite របស់ ភព​ពុធ មាន​កម្រាស់ ៣០០ ម៉ែត្រ ដូច្នេះ វា​នឹង​អាចមាន​ត្បូង​ពេជ្រ​ចំនួន ១៦,០០០,០០០,០០០,០០០,០០០ (១៦ ក្វ័​ទ្រី​លាន-Quadrillion) ឬ ១៦ កោដិ​កោដិ តោន ច្រើនជាង ១៦ ដង ធៀប​នឹង​ត្បូង​ពេជ្រ​លើ ផែនដី ដែល​ត្រូវបាន​គណនា​ឃើញ៕

Leave a Reply

Your email address will not be published. Required fields are marked *