ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានប្រកាសថា មិនទទួលយកឱសានវាទស្នើឱ្យចុះចាញ់ជាដាច់ខាត និងប្ដេជ្ញាមិនបោះបង់បណ្ដាទីក្រុងដូចជា ម៉ារីប៉ូល (Mariupol), ខាកូវ (Khaarkov) ឬ រដ្ឋធានីកៀវ របស់ប្រទេសនេះ។
«យើងបានទទួលលិខិតដាក់ឱសានវាទដោយមានការស្នើជាច្រើន ក្នុងនោះមានទាំងការបង្ខំតាមរបៀប «ចូរធ្វើដូច្នេះ ហើយសង្គ្រាមនឹងត្រូវបានបញ្ចប់»។ អ៊ុយក្រែន មិនអាចធ្វើតាមឱសានវាទនោះ» ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡែនស្គី ថ្លែងកាលពីថ្ងៃទី ២១ មីនាដូច្នេះ។
លោក ហ្សេឡែនស្គី បន្តថា រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយ រុស្ស៊ី ត្រូវតែឆ្លងកាត់ការធ្វើប្រជាមតិនៅ អ៊ុយក្រែន។ «ប្រជាជននឹងត្រូវតែមានសំឡេងនៅក្នុងកិច្ចព្រមព្រៀងមួយចំនួន» លោកបញ្ជាក់។
កងទ័ពរុស្ស៊ី កាលពីថ្ងៃទី ២១ មីនា បានដាក់ឱសានវាទស្នើឱ្យកងកម្លាំងការពារទីក្រុងម៉ារីប៉ូល ទម្លាក់អាវុធចុះចាញ់ ប៉ុន្តែ ត្រូវបានបដិសេធដោយ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk។ លោក ហ្សេឡែនស្គី ថ្លែងបន្ថែមថា អ៊ុយក្រែន ក៏នឹងមិនបោះបង់ទីក្រុងណាមួយដែលកំពុងត្រូវបានឡោមព័ទ្ធដោយ កងទ័ពរុស្ស៊ី ក្នុងនោះមាន រដ្ឋធានីកៀវ ឬ ទីក្រុងខាកូវ ជាដើម។
រុស្ស៊ី និង អ៊ុយក្រែន បានបើកកិច្ចចរចាច្រើនលើកមកហើយ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង ប៉ុន្តែ មិនទាន់ទទួលបានផ្លែផ្កាអ្វីនៅឡើយ ទាក់ទងនឹងបទឈប់បាញ់។