យន្តហោះ Boeing ៧៣៧ របស់ China Eastern ហាក់ដាំក្បាលចុះដីទៅតាមទិសត្រង់ពីលើ និងផ្ទុះបែកបាក់ខ្ទេចខ្ទីជាបំណែកតូចៗនៅលើភ្នំក្នុងតំបន់ស្វយ័តនៃជនជាតិ Zhuang នៅខេត្ត Guangxi ខាងលិច។
យន្តហោះ Boeing ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដឹកអ្នកដំណើរ ១៣២ នាក់ និងបុគ្គលិក ៩ នាក់ បានធ្លាក់ទៅលើខ្នងភ្នំមួយនៃទីក្រុង Wuzhou ក្នុងតំបន់ស្វយ័តជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ២១ មីនា។
សក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា យន្តហោះបានដាំក្បាលចុះ សំដៅលើខ្នងភ្នំមួយដែលមិនមានមនុស្សរស់នៅ។ «យន្តហោះនៅមានសភាពធម្មតាមុននឹងបានធ្លាក់។ វាធ្លាក់ចុះតែប៉ុន្មានវិនាទីប៉ុណ្ណោះ» សាក្សីរៀបរាប់។
រុក្ខជាតិនៅលើខ្នងភ្នំបានឆាប់ឆេះ បន្ទាប់ពីយន្តហោះបានធ្លាក់។ ដោយសារកន្លែងកើតហេតុមានឧបសគ្គច្រើន រថយន្តពន្លត់អគ្គិភ័យមិនអាចឡើងដល់ ដូច្នេះ កងកម្លាំងសង្គ្រោះក៏ត្រូវដើរដោយថ្នើរជើង។
ប្រជាជនដែលរស់នៅក្បែរនោះប្រហែល ១០ គីឡូម៉ែត្រ បានប្រាប់ថា ឮសំឡេងផ្ទុះខ្លាំងនៅវេលាម៉ោងជាង ១។
បុគ្គលិកពន្លត់អគ្គិភ័យ ១១៧ នាក់ រួមនឹងរថយន្តពន្លត់អគ្គិភ័យ ២៣ គ្រឿងនៅក្នុងតំបន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ បុគ្គលិកពន្លត់អគ្គិភ័យជាង ៥០០ នាក់ មកពីតំបន់នានារបស់ ខេត្ត Guangxi ក៏ត្រូវបានបញ្ជូនទៅជួយសង្គ្រោះ។ ខេត្ត Guangdong ក៏បានបញ្ជូនបុគ្គលិកពន្លត់អគ្គិភ័យជាង ៥០០ នាក់ រួមនឹងរថយន្តជួយសង្គ្រោះ ៩៧ គ្រឿង ទៅជួយស្វែងរកជនរងគ្រោះ។
«យន្តហោះបានផ្ទុះបែកបាក់ខ្ទេចខ្ទីជាបំណែកតូចៗ និងប៉ើងខ្ចាយទៅគ្រប់កន្លែង។ ខ្ញុំមិនបានឃើញអ្នកណាម្នាក់នៅមានជីវិតឡើយ» បុគ្គលិកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងខេត្ត Guangxi ដែលពេលនោះកំពុងស្ថិតនៅក្បែរកន្លែងកើតហេតុ ឱ្យដឹងដូច្នេះ។
ក្រុមហ៊ុន China Eastern Airlines ឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់នេះនឹងត្រូវបានស្រាវជ្រាវលម្អិត ប៉ុន្តែ មិនទាន់បញ្ជាក់អំពីចំនួនអ្នកស្លាប់ និងរងរបួសនៅឡើយ។ តំណែងរបស់ក្រុមហ៊ុន Boeing ប្រចាំ ប្រទេសចិន ឱ្យដឹងថា កំពុងញាប់ដៃញាប់ជើង ក្នុងការប្រមូលទិន្នន័យដើម្បីជួយដល់ការស្រាវជ្រាវ។