ក្រសួងការពារជាតិអ៊ុយក្រែន ប្រកាសថា បានបាត់បង់សិទ្ធិជា «បណ្ដោះអាសន្ន» ចំពោះការគ្រប់គ្រងសមុទ្រ Azov នៅពេល កងទ័ពរុស្ស៊ី ឡោមព័ទ្ធជុំវិញកំពង់ផែ Mariupol នៅតំបន់ឆ្នេរសមុទ្រនេះ។
កងកម្លាំងរុស្ស៊ី បានជោគជ័យមួយផ្នែកនៅតំបន់ Donetsk និងបិទផ្លូវទៅកាន់សមុទ្រ Azov របស់ អ៊ុយក្រែន» ក្រសួងការពារជាតិអ៊ុយក្រែន ប្រកាសកាលពីយប់ថ្ងៃទី ១៨ មីនាដូច្នេះ។
បើសិនជាបាត់បង់សិទ្ធិគ្រប់គ្រងឆ្នេរសមុទ្រ នោះកងទ័ពអ៊ុយក្រែន នៅ ទីក្រុង Mariupol នឹងទំនងជាត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីខាងក្រៅ នៅពេល កងទ័ពរុស្ស៊ី ឡោមព័ទ្ធនៅលើដីគោកទាំង ៣ ទិស។
រុស្ស៊ី ក្នុងថ្ងៃដដែល ក៏បានបញ្ជាក់ថា ពួកគេកំពុងឡោមព័ទ្ធជុំវិញទីក្រុងកំពង់ផែ Mariupol ជាទីដែលផ្ទះសំបែងប្រមាណ ៨០% បានខូចខាតក្រោយការប្រយុទ្ធគ្នារយៈពេលជិត ៣ សប្ដាហ៍។ កងទ័ពរុស្ស៊ី ចាប់ផ្ដើមឡោមព័ទ្ធ Mariupol តាំងពីថ្ងៃទី ១ មីនា។
ក្រុមមន្ត្រីអ៊ុយក្រែន ឱ្យដឹងថា ប្រជាជនស៊ីវិលជាង ២,៥០០ នាក់នៅ Mariupol បានស្លាប់ គិតត្រឹមថ្ងៃទី ១៥ មីនា ចំណែកមនុស្សប្រហែល ៣០,០០០ នាក់ ត្រូវបានឈ្លៀសចេញពីតំបន់ប្រយុទ្ធ ខណៈរាប់សែននាក់កំពុងជាប់គាំងក្នុងការវាយប្រហាររបស់ រុស្ស៊ី នៅពេលដែលតំបន់នេះ កំពុងដាច់ភ្លើង ទឹក និងប្រព័ន្ធកម្ដៅ។