មានកិច្ចព្រមព្រៀងជាច្រើនដែលហាមប្រទេសទី ៣ បញ្ជូនប្រព័ន្ធការពារដែនអាកាស S-៣០០ ទៅឱ្យ អ៊ុយក្រែន ហើយការដឹកជញ្ជូនអាវុធទៅឱ្យ អ៊ុយក្រែន ត្រូវបានចាត់ទុកថាជា គោលដៅស្របច្បាប់ នេះបើតាម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។
«មនុស្សមួយចំនួនជឿថា អាចស្នើឱ្យបណ្ដាប្រទេសដែលជាសមាជិករបស់ ណាតូ ផ្ទេរប្រព័ន្ធការពារដែនអាកាសកាលពី ជំនាន់សូវៀត ក្នុងជួរកងទ័ពរបស់ពួកគេ។ ខ្ញុំចង់រំលឹកដល់បណ្ដាប្រទេសដែលកំពុងពិចារណាដល់គំនិតនេះថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល និងកិច្ចសន្យាអមជាមួយលក្ខខណ្ឌបញ្ជាក់អំពីភាគីទី ៣ ដែលក្នុងនោះ មិនអនុញ្ញាតឱ្យពួកគេផ្ទេរអាវុធទៅឱ្យប្រទេសទី ៣» រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រាប់សារព័ត៌មានរុស្ស៊ី និងត្រូវបានចុះផ្សាយកាលពីថ្ងៃទី ១៨ មីនា។
ការបញ្ជាក់ខាងលើនេះត្រូវបានលើកឡើង ១ ថ្ងៃ បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី Jaroslav Nad ឱ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-៣០០ ទៅឱ្យ អ៊ុយក្រែន បើសិន ណាតូ ដោះដូរអាវុធផ្សេងមកឱ្យខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី កាលពីថ្ងៃទី ១៦ មីនា បានថ្លែងនៅចំពោះមុខសភាអាម៉េរិក ថា ប្រទេសរបស់លោក ត្រូវការប្រព័ន្ធ S-៣០។ ក្រោយមក ប្រធានាធិបតីអាម៉េរិក ក៏បានប្រកាសអំពីកញ្ចប់ជំនួយផ្នែកសន្តិសុខបន្ថែម ៨០០ លានដុល្លារ ដល់ អ៊ុយក្រែន ក្នុងនោះមាន មីស៊ីល Stinger ៨០០ ដើម, យន្តហោះបំពាក់អាវុធគ្មានមនុស្សបើក Switchblade ១០០ គ្រឿង, អាវុធប្រឆាំងរថក្រោះ ៩,០០០ ឈុត, កាំភ្លើងសម្រាប់ទាហានថ្មើរជើង ៧,០០០ ដើម, គ្រាប់កាំភ្លើង ២០ លានគ្រាប់ រួមនឹងអាវការពារគ្រាប់ ២៥,០០០ ឈុត និងមួកដែកផងដែរ។