ប្រទេសស្លូវ៉ាគី បានត្រៀមជាស្រេចក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-៣០០ ដល់ អ៊ុយក្រែន បើសិន ណាតូ បញ្ជូនឱ្យខ្លួននូវអាវុធផ្សេងដើម្បីជាការដោះដូរ។
«យើងបានពិភាក្សាជាមួយ អាម៉េរិក អ៊ុយក្រែន និងសម្ព័ន្ធមិត្ត អំពីលទ្ធភាពដាក់ពង្រាយ ប្រគល់ ឬផ្គត់ផ្គង់ប្រព័ន្ធ S-៣០០ ដល់ ទីក្រុងកៀវ។ យើងត្រៀមជាស្រេចដើម្បីធ្វើដូច្នេះ ប៉ុន្តែ ត្រូវតែមានការដោះដូរសមស្រប» រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី Jaroslav Nad ថ្លែងនាថ្ងៃនេះ នៅក្នុងជំនួបជាមួយសមភាគីអាម៉េរិក Lloyd Austin។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Austin បានបដិសេធការអធិប្បាយអំពីប្រការដែលថា អាម៉េរិក នឹងជួយដោះដូរទៅតាមសំណើរបស់ ស្លូវ៉ាគី ឬយ៉ាងណា។ «នេះជាបញ្ហាដែលត្រូវពិភាក្សាជាមួយសម្ព័ន្ធមិត្តទាំងមូល។ នេះមិនមែនជាបញ្ហាដោយឡែកជាមួយ សហរដ្ឋអាម៉េរិក ប៉ុន្តែ ជាបញ្ហារបស់ ណាតូ ទាំងមូល»។
ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី ត្រូវបានប្រកាសបន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីម្សិលមិញបានថ្លែងនៅចំពោះមុខ សភាអាម៉េរិក ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការប្រព័ន្ធ S-៣០០។
ស្លូវ៉ាគី សមាជិកមួយរបស់ ណាតូ ដែលមានព្រំដែនជាប់នឹង អ៊ុយក្រែន ប្រវែង ៩៨ គីឡូម៉ែត្រ មានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-៣០០ ដែលផលិតតាំងពី ជំនាន់សូវៀត និងត្រូវបានផ្ទេរមកឱ្យប្រទេសនេះ បន្ទាប់ពី ឆេកូស្លូវ៉ាគី ដួលរលំកាលពីឆ្នាំ ១៩៩៣។
S-៣០០ ១ ឈុត រួមមានយានដឹកគ្រាប់ និងជាទម្រសម្រាប់បាញ់មីស៊ីល (TEL) ក្នុងនោះ យាននីមួយៗអាចបំពាក់មីស៊ីលបាន ៤ គ្រាប់ រួមនឹងយានជាបញ្ជាការដ្ឋាន និងរ៉ាដាច្រើនប្រភេទ។ មីស៊ីលរបស់ S-៣០០ អាចបាញ់បានចម្ងាយ ១៩៥ គីឡូម៉ែត្រ។ សូវៀត បានផ្ដើមដាក់ឱ្យប្រើប្រាស់ S-៣០០ ចាប់ពីឆ្នាំ ១៩៧៨ ហើយបច្ចុប្បន្ន មានប្រទេសជិត ២០ ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសនេះ។ រុស្ស៊ី មានកំណែទាំងអស់របស់ S-៣០០ ក្នុងនោះមានប្រព័ន្ធទម្រប្រហែល ២,០០០ ឈុត។