ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី និង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងជួបគ្នានៅពេលដែល «សន្ធិសញ្ញាសន្តិភាព» ត្រូវនាំយកទៅចុះហត្ថលេខា ដែលនេះអាចកើតឡើងនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។
«ភ្លាមៗបន្ទាប់ពីការងារដែលទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើរួចរាល់ យើងនឹងចាប់ផ្ដើមបើកជំនួប។ វានឹងកើតឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ប៉ុន្តែ ទីតាំងមិនសំខាន់សម្រាប់យើង អាចនៅកន្លែងណាក៏បាន លើកលែងតែនៅ ប្រទេសរុស្ស៊ី» លោក មីឃីល ប៉ូដូលីយ៉ាក (Mikhail Podolyak) ទីប្រឹក្សារបស់ ប្រធានាធិបតីអ៊ុយក្រែន ឱ្យដឹងកាលពីថ្ងៃទី ១៧ មីនា។
យ៉ាងណាក៏ដោយ បច្ចុប្បន្ន ទាំង អ៊ុយក្រែន ទាំង រុស្ស៊ី សុទ្ធតែ «ប្ដេជ្ញារក្សាគោលជំហររៀងៗខ្លួន» លោក ប៉ូដូលីយ៉ាក ទទួលស្គាល់ដូច្នេះ។
«ការដែល រុស្ស៊ី ដកទ័ពចេញជាបន្ទាន់គឺជាចំណុចមួយក្នុងចំណោមកត្តាសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាព។ ប៉ុន្តែ កិច្ចចរចាគឺជារឿងធំ ដែលមិនត្រឹមតែទាក់ទិនជាមួយ រុស្ស៊ី និង អ៊ុយក្រែន នោះទេ។ ប៉ូឡូញ និងបណ្ដាប្រទេសក៏នឹងចូលរួម។ យើងចង់ធានាសន្តិភាពចំពោះ អនាគតរបស់ អ៊ុយក្រែន» លោក ប៉ូដូលីយ៉ាក បន្ថែម និងបញ្ជាក់ថា សូម្បីតែនៅពេលមានកិច្ចព្រមព្រៀង វាក៏មិនមែនមានន័យថា ជម្លោះប្រដាប់អាវុធត្រូវបានបញ្ចប់។
ក្រុមប្រតិភូរបស់ អ៊ុយក្រែន និង រុស្ស៊ី បានជួបចរចាជាច្រើនលើក បន្ទាប់ពី រុស្ស៊ី បានលើកទ័ពចូលលុកលុយ អ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ ប៉ុន្តែ មិនទាន់ទទួលបានលទ្ធផលជាក់លាក់ណាមួយ ក្រៅតែពីការយល់ព្រមបង្កើតច្រកសម្រាប់ជម្លៀសប្រជាជនចេញពីសមរភូមិ។