Skip to content

ឯកអគ្គរដ្ឋទូត​ចិន កោតសរសើរ​ចំពោះ «កម្លាំង​សាមគ្គី» របស់ អ៊ុយ​ក្រែ​ន

អគ្គរដ្ឋទូត Fan Xianrong បាន​កោតសរសើរ​ចំពោះ​ស្មារតី​សាមគ្គីភាព​របស់ ជនជាតិ​អ៊ុយ​ក្រែ​ន ហើយ​អះអាងថា ប្រទេស​ចិន តែងតែ​គាំទ្រ​ប្រទេស​នេះ ក្នុង​បញ្ហា​សេដ្ឋកិច្ច នយោបាយ។

«យើង​នឹង​តែងតែ​គោរព​ចំពោះ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ទំនាក់ទំនង​ដោយយោង​ទៅលើ​មូលដ្ឋាន​សមភាព និង​ចែករំលែក​ផល​ប្រ​យោធ​ន៍។ យើង​ក៏​គោរព​ចំពោះ​ផ្លូវ​ដែល ជនជាតិ​អ៊ុយ​ក្រែ​ន បានជ្រើសរើស ព្រោះនេះ​គឺជា​សិទ្ធិ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ប្រទេសនីមួយ» ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ អ៊ុយ​ក្រែ​ន លោក Fan Xianrong ថ្លែង​ដូច្នេះ​នៅក្នុង​ជំនួប​មួយ​ជាមួយ​ក្រុមមន្ត្រី​ទីក្រុង Lviv នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន។

ជំនួប​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៤ មីនា ប៉ុន្តែ ទើបត្រូវ​បានចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន Ukrinform កាលពី​ថ្ងៃទី ១៦ មីនា។

លោក Fan បាន​សន្យាថា «ចិន នឹងមិន​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន» ប៉ុន្តែ «នឹង​ជួយ​គាំទ្រ ពិសេស​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច»។ លោក​បន្ថែមថា «ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត ខ្ញុំ​សូម​ធានាថា ប្រទេស​ចិន នឹង​នៅតែ​ធ្វើ​ល្អ​ចំពោះ អ៊ុយ​ក្រែ​ន ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ»។

«ក្នុងស្ថានភាព​បច្ចុប្បន្ន យើង​នឹងធ្វើ​សកម្មភាព​ដោយ​ប្រុងប្រយ័ត្ន។ យើង​បានឃើញ​ស្មារតី​នៃ​សាមគ្គីភាព​ធំធេង​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ហើយ​ប្រការ​នោះ​មានន័យថា​ជា​កម្លាំង» ឯកអគ្គរដ្ឋទូត​ចិន បញ្ជាក់។

លោក Maksym Kozytskiy ដែលជា​អភិបាលក្រុង Lviv ក៏បាន​ទទួលស្គាល់ថា ពិត​ជាមាន​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន និង​បាន​បញ្ជាក់ថា ទីក្រុង​ប៉េកាំង បានផ្ដល់​ជំនួយ​មនុស្ស​ធម៌ ២ លើក​មកហើយ ដល់ អ៊ុយ​ក្រែ​ន ហើយ​លើក​ទី ៣ នឹង​មកដល់​នៅក្នុង​សប្ដាហ៍​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *