
ក្រសួងការពារជាតិជប៉ុន នាថ្ងៃទី ១៧ មីនានេះ បានឱ្យដឹងថា បានរកឃើញនាវាវាយឡើងច្រាំងខ្នាតធំចំនួន ៤ គ្រឿងរបស់ រុស្ស៊ី កំពុងធ្វើដំណើរក្បែរប្រជុំកោះរបស់ ជប៉ុន ឆ្ពោះទៅកាន់ទិសខាងលិច និងយល់ថា នាវាទាំងនេះអាចទៅកាន់ ប្រទេសអ៊ុយក្រែន។
រូបភាពដែលប្រកាសដោយ ក្រសួងការពារជាតិជប៉ុន បង្ហាញថា នាវា ១ គ្រឿងក្នុងចំណោមនោះ មានផ្ទុកយានយោធា នេះបើតាមសារព័ត៌មាន Reuters។
កម្លាំងការពារសមុទ្រជប៉ុន បានឃើញនាវាវាយឡើងច្រាំង ៤ គ្រឿងរបស់ រុស្ស៊ី ដែលអាចដឹករថក្រោះ និងយានយោធារាប់សិបគ្រឿង រួមនឹងទាហានរាប់រយនាក់ ជាលើកដំបូងកាលពីថ្ងៃទី ១៥ មីនា។ នាវាទាំងនេះ ក្រោយមកក៏ឆ្ពោះទៅទិសខាងលិច ពីសមុទ្រប៉ាស៊ីហ្វិក ទៅកាន់តំបន់សមុទ្រនៅចន្លោះ ទឹកដីជប៉ុន និង ឧបទ្វីបកូរ៉េ ដោយឆ្លងកាត់ Tsuruga ដែលជាច្រកសមុទ្របែងចែកកោះ Honshu និងកោះ Hokkaido របស់ ជប៉ុន។

ហេតុការណ៍នេះកើតឡើងក្នុងពេល អ៊ុយក្រែន ចាប់ផ្ដើមវាយបកទៅលើ កងទ័ពរុស្ស៊ី ដោយសារមានជំនួយជាសព្វាវុធពីបណ្ដាប្រទេសនៅបស្ចិមលោក ខណៈដែលយុទ្ធនាការយោធាពិសេសរបស់ រុស្ស៊ី នៅ អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី ២២។
