Skip to content

រុស្ស៊ី រឹបអូស​យន្តហោះ​រាប់រយ​គ្រឿង​របស់​ក្រុមហ៊ុន​​បរទេស

រុស្ស៊ី កំពុង​បង្ខាំង​យន្តហោះ​ពាណិជ្ជកម្ម​ល្បឿន​លឿន​រាប់រយ​គ្រឿង​របស់​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក និង អឺរ៉ុប ក្នុង​គ្រា​ដែល​ភាព​តានតឹង​ជាមួយ​បស្ចិម​លោក​កើនឡើង​ខ្ពស់។

ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន កាលពីដើម​សប្ដាហ៍ បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ស្ថិតក្នុង​វិធានការ​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​របស់លោក​ខាងលិច អនុញ្ញាតឱ្យ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ឈរឈ្មោះ​ក្នុងការ​ចុះបញ្ជី​យន្តហោះ​ដែល​ជួល​ពី​បណ្ដា​ក្រុមហ៊ុន​បរទេស។ យន្តហោះ​ទាំងនេះ នឹងត្រូវ​បានផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់ថា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការហោះហើរ​ពី​សំណាក់​អាជ្ញាធរ​ក្នុងស្រុក។

ប្រការ​ខាងលើ​មានន័យថា បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី អាច​ប្រមូលយក​យន្តហោះ​ដែល​កំពុង​ជួល​ពី​បរទេស និង​ប្រើប្រាស់​សម្រាប់​ផ្ដល់​សេវា​ដឹកជញ្ជូន​ក្នុងស្រុក។ ម្ចាស់​យន្តហោះ​បរទេស​ទាំងនេះ​ក៏​ពិបាក​ប្រមូល​យន្តហោះ​ទាំងនោះ​ត្រលប់​ទៅវិញ បើសិន​មិនមាន​ការអនុញ្ញាត​ពី រដ្ឋាភិបាល​រុស្ស៊ី។

ទណ្ឌកម្ម​របស់ អាម៉េរិក និង អឺរ៉ុប ដែល​ដាក់​លើ រុស្ស៊ី មុន​នោះ តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ឱ្យ​ជួល​យន្តហោះ ប្រមូល​ត្រលប់​មកវិញ​នូវ​យន្តហោះ​ទាំងអស់​ដែល​បានឱ្យ​ក្រុមហ៊ុន​របស់ រុស្ស៊ី ជួល នៅ​ចុងខែ​នេះ។

ទិន្នន័យ​ពី Cirium បង្ហាញថា ៨៥% នៃ​យន្តហោះ​ដែល​ផលិត​ដោយ​បរទេស​នៅ រុស្ស៊ី កំពុង​ស្ថិតនៅ​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ឱ្យ​ជួល​យន្តហោះ។ តម្លៃ​សរុប​របស់​យន្តហោះ​ទាំងនេះ គឺ​ប្រមាណ ១២.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ក្រុមហ៊ុន​នានា​ដែល​ដាក់ឱ្យ​ជួល​យន្តហោះ បច្ចុប្បន្ន​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​ចំពោះ​សកម្មភាព​របស់ រុស្ស៊ី និង​មិនទាន់​ដឹង​ច្បាស់​ថា ពួកគេ​មានបំណង​ប្រមូលយក​យន្តហោះ​មកវិញ ឬ​យ៉ាងណា​នៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *