Skip to content

សហរដ្ឋអាម៉េរិក ព្រមាន​ ឥណ្ឌា ថា គួរ​ «ពិចារណាឱ្យ​បាន​ច្បាស់» រឿង​ទិញ​ប្រេង​របស់ រុស្ស៊ី

សហរដ្ឋ​អាម៉េរិក ដាស់​តឿន​ ឥណ្ឌា មិន​ឱ្យ​ទិញ​ប្រេង​ឆៅ​បញ្ចុះ​តម្លៃ​របស់ រុស្ស៊ី ហើយ​បាន​ហៅ​ទង្វើ​របស់​ ឥណ្ដា​ ថា ជួយ​ដល់​ ទីក្រុង​មូស្គូ ក្នុង​គ្រា​ប្រទេស​មួយ​នេះ​កំពុងឈ្លាន​ពាន​លើ ប្រទេសអ៊ុយក្រែន​។

ទាក់​ទិន​នឹង​ព័ត៌មាន​ដែល​ថា ឥណ្ឌា អាច​យល់​ព្រម​ទិញ​ប្រេង​បញ្ចុះ​តម្លៃ​ពី​ រុស្ស៊ី លេខា​ផ្នែក​សារព័ត៌មាន​របស់ សេតវិមាន Jen Psaki នា​ថ្ងៃទី ១៦ មីនានេះ បាន​ឱ្យ​ដឹង​ថា​៖ «ប្រទេស​នានា​គួរ​តែ​ពិនិត្យ​មើល​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ប្រវត្តិ​សាស្ត្រ​ នៅ​ពេល​ជួញដូរ​ជាមួយ​ រុស្ស៊ី​ ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​យោធា​នៅ​ អ៊ុយក្រែន​»។

លោក​ស្រី Psaki បន្ថែម​ថា ការ​គាំទ្រ​ រុស្ស៊ី នៅ​ពេល​នេះ​គឺ​ស្មើ​នឹង​ការ​គាំទ្រ​យុទ្ធនាការ​យោធា​របស់​ប្រទេស​នេះ​នៅ អ៊ុយក្រែន។ ប៉ុន្តែ ជំនួយ​ការ​ផ្នែក​សារព័ត៌មាន​រូប​នេះ អះអាង​ថា រឿង​ ឥណ្ឌា ទិញ​ប្រេង​ពី រុស្ស៊ី នឹង​មិន​រំលោភ​លើ​ទណ្ឌកម្ម​របស់​ បស្ចិម​លោក​ នោះ​ទេ​។

ឥណ្ឌា ត្រូវ​នាំចូល​ប្រេង ៨០% ក្នុងចំណោម​ប្រេង​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងស្រុក​សរុប ហើយ​ក្នុងចំណោម​នោះ មាន ៣% ទិញ​ពី រុស្ស៊ី។ កាលពី​ចុង​សប្ដាហ៍​មុន ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandrer Novak បានឱ្យដឹងថា ការ​នាំចូល​ប្រេង​ពី រុស្ស៊ី របស់ ឥណ្ឌា មានតម្លៃ​ប្រហែល ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ត្រឹមតែ ៩ ពាន់​លាន​ដុល្លារ មិន​ដល់ ១/១០ នៃ​ពាណិជ្ជកម្ម​រវាង រុស្ស៊ី និង ចិន។

ឥណ្ឌា ជា​ប្រទេសមួយ​ដែល​ជិតស្និទ្ធ​នឹង រុស្ស៊ី។ ឥណ្ឌា រក្សា​ទំនាក់ទំនង​ជាមួយ អ៊ុយ​ក្រែ​ន និង​លោកខាងលិច ប៉ុន្តែ ក៏​បង្ហាញ​ការមិនយល់ស្រប​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី នៅក្នុង​វេទិកា​អន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *