នាយករដ្ឋមន្ត្រីនៃ ប្រទេសប៉ូឡូញ ឆែក និង ស្លូវេនី បានជួបពិភាក្សាជាមួយ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ អ៊ុយក្រែន នៅ រដ្ឋធានីកៀវ ក្នុងគ្រាដែល កងទ័ពរុស្ស៊ី កំពុងឡោមព័ទ្ធទីក្រុងនេះ។
នាយករដ្ឋមន្ត្រី Mateusz Morawiecki រួមនឹងឧបនាយករដ្ឋមន្ត្រី Jaroslaw Kaczynski របស់ ប្រទេសប៉ូឡូញ, នាយករដ្ឋមន្ត្រី Petr Fiala របស់ ប្រទេសឆែក និងនាយករដ្ឋមន្ត្រី Janez Jansa របស់ ប្រទេសស្លូវេនី នាថ្ងៃទី ១៦ មីនា បានធ្វើដំណើរទៅកាន់ រដ្ឋធានីកៀវ ដោយរថភ្លើង ដើម្បីជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី និងនាយករដ្ឋមន្ត្រី Denys Shmyhal។
«ពួកគេកំពុងបាញ់ប្លោងគ្រាប់គ្រប់កន្លែង មិនត្រឹមតែនៅ រដ្ឋធានីកៀវ នោះទេ តែថែមទាំងនៅតំបន់ភាគខាងលិចផងដែរ» ប្រធានាធិបតី ហ្សេឡែនស្គី និយាយអំពីសកម្មភាពរបស់ កងទ័ពរុស្ស៊ី នៅ អ៊ុយក្រែន ក្នុងពេលពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ៣ ប្រទេសខាងលើ ដែលជាសមាជិករបស់ សហភាពអឺរ៉ុប (EU)។
ក្នុងប្រកាសស្ដីពីដំណើរទស្សនកិច្ច រដ្ឋធានីកៀវ នៅលើ Facebook នាយករដ្ឋមន្ត្រីរបស់ ប៉ូឡូញ បានអំពាវនាវឱ្យ «ទប់ស្កាត់សោកនាដកម្មកំពុងកើតឡើងនៅភាគខាងកើត កាន់តែឆាប់ កាន់តែល្អ» និងអះអាងថា អ៊ុយក្រែន «ទទួលបានការគាំទ្រយ៉ាងច្បាស់លាស់» ពី EU។
នាយករដ្ឋមន្ត្រីរបស់ អ៊ុយក្រែន បានកោតសរសើរចំពោះដំណើរទស្សនកិច្ចរបស់សមភាគី ប៉ូឡូញ ឆែក និង ស្លូវេនី ដែលបានបង្ហាញនូវ «ភាពក្លាហានរបស់ក្រុមមិត្តពិតប្រាកដរបស់ អ៊ុយក្រែន»។ លោកបញ្ជាក់ថា ពួកគេនឹងពិភាក្សាអំពីការផ្ដល់ជំនួយដល់ អ៊ុយក្រែន និងបង្កើនការដាក់ទណ្ឌកម្មលើ រុស្ស៊ី។
ដំណើរទស្សនកិច្ចខាងលើត្រូវបានធ្វើឡើងក្នុងគ្រាដែល កងទ័ពរុស្ស៊ី កំពុងវាយប្រហារសង្គ្រុបលើពាសពេញទឹកដីអ៊ុយក្រែន រួមទាំង រដ្ឋធានីកៀវ ផងដែរ ខណៈដែលកិច្ចចរចារវាង អ៊ុយក្រែន និង រុស្ស៊ី ត្រូវបានគេបញ្ជាក់ថា នឹងធ្វើឡើងបន្តទៀតនាពេលឆាប់ៗនេះ។