Skip to content

អាចម៍ផ្កាយ​មួយ​ដុំ ​ល្បឿន​ជាង ៦ ម៉ឺន​គីឡូម៉ែត្រ/ម៉ោង ហោះ​មក​បុក​ផែនដី

អាចម៍ផ្កាយ ២០២២ EB៥ ហោះ​សំដៅ​ចូល​បរិយាកាស​ផែនដី​កាលពី​ថ្ងៃទី ១១ មីនា ហើយ​ក៏បាន​ផ្ទុះ​ឆេះ និង​បញ្ចេញ​ថាមពល​ប្រហាក់ប្រហែល​នឹង​រំសេវ TNT ២,០០០ តោន។

តារាវិទូ Krisztian Sarneczky បាន​តាមដាន ២០២២ EB៥ ដោយ​ប្រើប្រាស់​កែវ​យឺត Schmidt នៅ​ស្ថានីយ​ភ្នំ Peszkesteto។ ក្រោយ​រយៈពេល ២ ម៉ោង​នៃ​ការតាមដាន អាចម៍ផ្កាយ​នេះ​ក៏បាន​ហោះ​សំដៅ​ចូលក្នុង​បរិយាកាស​ផែនដី នៅ​តំបន់​ភាគ​ខាងជើង អ៊ី​ស្លង់។ ២០២២ EB៥ ដែលមាន​ទទឹង​ប្រហែល ៣ ម៉ែត្រ ផ្លាស់​ទី​ក្នុង​ល្បឿន​ប្រហែល ៦៣,៧០០ គីឡូម៉ែត្រ/ម៉ោង មិន​ស្ថិតក្នុង​ក្រុម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​នោះទេ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា ក្រោយ​ការផ្ទុះ មាន​អ្វី​កើតឡើង​ចំពោះ​អាចម៍ផ្កាយ​នេះ​នៅឡើយ។ ប្រហែល​​វា​បាន​ឆេះ​ខ្ទេច​នៅក្នុង​បរិយាកាស ឬ​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​អាក​ទិ​ក។

អង្គការ​អាចម៍ផ្កាយ​អន្តរជាតិ (IMO) កំពុង​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​ការធ្លាក់​អាចម៍ផ្កាយ​ខាងលើ។ មនុស្ស​មួយចំនួន​នៅ អ៊ី​ស្លង់ បាន​មើលឃើញ​ពន្លឺ ឬឮ​សំឡេង​ផ្ទុះ នៅពេលនោះ។

ការផ្ទុះ​អាចម៍ផ្កាយ​នេះ​ត្រូវបាន Peter Brown ដែលជា​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Western នៅ កាណាដា គណនា​ឃើញថា មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​រំសេវ TNT ២,០០០ តោន។

កន្លងមក មាន​អាចម៍ផ្កាយ​តែ ៤ ដុំ​ប៉ុណ្ណោះ រួមមាន ២០០៨ TC៣, ២០១៤ AA, ២០១៨ LA និង ២០១៩ MO ដែល​ធ្លាប់​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ក្នុង​រយៈពេល​ខ្លី នៅមុន​ពេល​ពួកវា​ហោះ​មក​បុក​ផែនដី។ ២០២២ EB៥ បាន​ក្លាយជា​អាចម៍ផ្កាយ​ទី ៥ ក្នុង​បញ្ជី​ខាងលើនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *