Skip to content

អាល្លឺម៉ង់ បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-៣៥ រាប់សិប​គ្រឿង ក្នុង​គ្រា​ភាព​តានតឹង​កំពុង​កើនឡើង​នៅ អឺរ៉ុប

រដ្ឋាភិបាល​អាល្លឺម៉ង់ បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៣៥ គ្រឿង ពី សហរដ្ឋ​អាម៉េរិក បំណង​ស្ដារ​យុទ្ធសាស្ត្រ ក្នុង​ស្ថានការណ៍​តានតឹង​ចេះតែ​កើនឡើង​នៅ អឺរ៉ុប​ខាងកើត។

«ក្រោយពី​បាន​ពិនិត្យ​ម៉ត់ចត់ ខ្ញុំ​សម្រេចចិត្ត​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជំនួស​យន្តហោះ​ចម្បាំង Tornado ដើម្បី​ធានាបាន​នូវ​តួនាទី​ចែករំលែក​សមត្ថភាព​កំញើញ​ផ្នែក​អាវុធ​នុយ​ក្លេ​អែរ» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់ Christine Lambretcht ប្រកាស​កាលពី​ថ្ងៃទី ១៤ មីនា។

Tornado គឺជា​យន្តហោះ​ចម្បាំង​តែមួយ​ប្រភេទ​គត់​ដែល អាល្លឺម៉ង់ កំពុង​ប្រើប្រាស់ មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​សេណារីយោ មាន​សង្គ្រាម​កើតឡើង។

យន្តហោះ​ចម្បាំង Tornado

សហរដ្ឋ​អាម៉េរិក មាន​កិច្ចព្រមព្រៀង​រក្សាទុក​អាវុធ​នុយ​ក្លេ​អែរ នៅលើ​ទឹកដី​របស់ អាល្លឺម៉ង់ ក្នុង​ក្របខណ្ឌ​ការពារ​រួម​របស់ ណា​តូ។ ក្រៅពីនេះ អាម៉េរិក ក៏មាន​អាវុធ​នុយ​ក្លេ​អែរ នៅក្នុង ប្រទេស​បែ​ល​ហ្សិ​ក អ៊ីតាលី ហូ​ឡង់ និង តួ​ក​គី ដែលជា​សមាជិក​របស់ សម្ព័ន្ធ​យោធា​ណា​តូ។

ការសម្រេចចិត្ត​បញ្ជា​ទិញ F-៣៥ ត្រូវបាន រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រកាស បន្ទាប់ពី នាយករដ្ឋមន្ត្រី Olaf Scholz ប្រកាស​អំពី​កញ្ចប់​ថវិកា ១០០ ពាន់​លាន​អឺរ៉ូ (ជាង ១០៩ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា។ ការសម្រេច​នេះ​ក៏​យោងទៅតាម​ស្ថានការណ៍​តានតឹង​ដែល​ចេះតែ​ឡើង​កម្ដៅ​រវាង អឺរ៉ុប និង រុស្ស៊ី ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

យន្តហោះ​ចម្បាំង Eurofighter

ក្រៅពី F-៣៥ អាល្លឺម៉ង់ ក៏​គ្រោង​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Eurofighter របស់ Airbus ចំនួន ១៥ គ្រឿង​ផងដែរ សម្រាប់​បំពេញបេសកកម្ម​ក្នុង​សង្គ្រាម​អេឡិចត្រូនិក៕

Leave a Reply

Your email address will not be published. Required fields are marked *