លោក Oleksiy Arestovich ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន កាលពីព្រលប់ថ្ងៃទី ១៤ មីនា បានអះអាងថា សង្គ្រាមនៅប្រទេសនេះ អាចបញ្ចប់នៅដើមខែឧសភា នៅពេល កងទ័ពរុស្ស៊ី អស់ប្រភពធនធានសម្រាប់ធ្វើសង្គ្រាម នេះបើយោងតាមសារព័ត៌មាន Reuters។
នៅក្នុងវីដេអូ ដែលផលិតដោយ អ៊ុយក្រែន លោក Arestovich ថ្លែងថា ពេលវេលាជាក់លាក់ស្ដីពីការបញ្ចប់យុទ្ធនាការយោធារបស់ រុស្ស៊ី គឺអាស្រ័យលើប្រភពធនធានរបស់ រុស្ស៊ី បម្រុងសម្រាប់យុទ្ធនាការយោធានៅ អ៊ុយក្រែន ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ២៤ កុម្ភៈ។
«ខ្ញុំគិតថា មិនយូរជាងខែឧសភា ពោលគឺនៅដើមខែឧសភា យើងនឹងអាចមានកិច្ចព្រមព្រៀងសន្តិភាព អាចលឿនជាងនេះ យើងរង់ចាំមើលមើល ខ្ញុំកំពុងនិយាយអំពីថ្ងៃដែលអាចយឺតបំផុត» លោក Arestovich ថ្លែងដូច្នេះ។
លោក Arestovich បន្តថា បើទោះជាកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ប៉ុន្តែ ការប៉ះទង្គិចប្រដាប់អាវុធតូចៗ នៅតែអាចកើតឡើងក្នុងរង្វង់ ១ ឆ្នាំ។
កាលពីថ្ងៃទី ១១ មីនា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី យល់ថា រុស្ស៊ី កំពុងប្រើប្រាស់ទាហានបម្រុង ទាហានជាប់កាតព្វកិច្ច និងទាហានស៊ីឈ្នួលជនជាតិស៊ីរី សម្រាប់យុទ្ធនាការយោធានៅ អ៊ុយក្រែន។ ភាគីខាង រុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីទៅនឹងការលើកឡើងទាំងឡាយខាងលើនេះនៅឡើយ។