Skip to content

ជនបរទេស​ដែល​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន អាច​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់?

នៅពេល​មនុស្ស​រាប់ពាន់​នាក់​មកពី​បរទេស ស្ម័គ្រចិត្ត​ចូលរួម​ជួយ អ៊ុយ​ក្រែ​ន ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង រុស្ស៊ី មនុស្ស​មួយចំនួន​អាច​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ផ្លូវច្បាប់។

ពលរដ្ឋ​របស់ កាណាដា, ហ្ស​ក​ហ្ស៊ី, ឥណ្ឌា, ជប៉ុន, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក ស្ថិត​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចូល​ជួយ​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង កងទ័ព​រុស្ស៊ី នេះ​បើតាម​សារព័ត៌មាន Reuters និង​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​ទៀត។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ ច្បាប់​របស់​ប្រទេស​ខ្លះ មិន​យកទោស​ពៃរ៍ ចំណែក​ប្រទេស​ខ្លះ​ក៏​ថា មិន​ស្របច្បាប់៖

សហរដ្ឋ​អាម៉េរិក

ក្រសួងការបរទេស​អា​ម៉េ​រិ​ក ឱ្យដឹងថា ពលរដ្ឋ​ប្រទេស​នេះ​មិន​ត្រូវបាន​ហាម​ការចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​របស់​ប្រទេស​ដទៃ។ ការចូលរួម​ក្នុង​ជួរ​កងទ័ព​បរទេស ឬ​ប្រយុទ្ធ​ប្រឆាំងនឹង​ប្រទេសមួយ​ដែលមាន​សន្តិភាព​ជាមួយ សហរដ្ឋ​អាម៉េរិក អាច​ត្រូវបាន​យកមក​សំអាង​ដើម្បី​បោះបង់​សិទ្ធិ​ជា​ពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ បើ​យោងតាម​មាត្រា​នានា​របស់​តុលាការ​កំពូល​អាម៉េរិក ការប្រយុទ្ធ​សម្រាប់​កងទ័ព​បរទេស មិនអាច​ត្រូវបាន​ចាត់ទុកជា​មូលដ្ឋាន​ដើម្បី​ដកសិទ្ធិ​ជា​ពលរដ្ឋ​របស់ ជនជាតិ​អាម៉េរិក ឡើយ។

អូស្ត្រាលី, អង់គ្លេស, ឥណ្ឌា

យោងតាម​ការណែនាំ​ចំពោះ​ការធ្វើដំណើរ ដែល​បានធ្វើ​បច្ចុប្បន្នភាព​កាលពី​ថ្ងៃទី ៩ មីនា របស់ ក្រសួងការបរទេស​អង់គ្លេស ពលរដ្ឋ​ប្រទេស​នេះ​ដែល​បាន​ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ចូលរួម​ធ្វើសង្គ្រាម អាច​ត្រូវបាន​ចោទប្រកាន់​ទោស​នៅពេល​ត្រលប់​មកវិញ។

ច្បាប់​របស់ អង់គ្លេស ដែល​ត្រូវបានធ្វើ​វិសោធនកម្ម​ចុងក្រោយ​កាលពី​ឆ្នាំ ១៨៧០ បាន​ហាម​ពលរដ្ឋ​ទៅ​ចូលរួម​ជាមួយ​កងទ័ព​បរទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បណ្ដា​ប្រទេស​ដែលមាន​សន្តិភាព​ជាមួយ អង់គ្លេស ប៉ុន្តែ វា​មិន​ត្រូវបាន​អនុវត្ត​សម្រាប់​ជម្លោះ​ប្រដាប់អាវុធ​សម័យ​ទំនើប។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ដំបូង​ឡើយ​បាន​គាំទ្រ​ដល់​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទៅធ្វើ​សង្គ្រាម​ជួយ អ៊ុយ​ក្រែ​ន ប៉ុន្តែ ក្រោយមក​បែរជា​ព្រមាន​មិនឱ្យ​ពលរដ្ឋ​ទៅកាន់ អ៊ុយ​ក្រែ​ន ទៅវិញ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ប្រទេស​នេះ កុំទៅ​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដោយ​លើកឡើង​អំពី​ភាពមិនប្រាកដប្រជា​នៅក្នុង​ច្បាប់​របស់​ប្រទេស​នេះ។

ក្រសួងមហាផ្ទៃ​របស់ ឥណ្ឌា វិញ មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការអធិប្បាយ​អំពី​ភាពស្របច្បាប់​ទាក់ទង​នឹង​ពលរដ្ឋ​របស់ ឥណ្ឌា ដែល​ទៅ​ចូលរួម​ធ្វើសង្គ្រាម​ជួយ អ៊ុយ​ក្រែ​ន។

ក្នុងករណី​ពលរដ្ឋ​ឥណ្ឌា បាន​ទៅធ្វើ​សង្គ្រាម​នៅ អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០១៥ ក្រសួងមហាផ្ទៃ​ឥណ្ឌា បានប្រកាសថា ការអនុញ្ញាតឱ្យ​ពលរដ្ឋ​ឥណ្ឌា ទៅ​ចូលរួម​ជម្លោះ​ប្រដាប់អាវុធ​នៅ​ប្រទេស​ដទៃ «នឹង​នាំឱ្យមាន​ការចោទប្រកាន់​ថា រដ្ឋាភិបាល​ឥណ្ឌា កំពុង​ជំរុញ​អំពើ​ភេរវកម្ម​នៅ​បរទេស»។

ប្រទេស​ដែល​គាំទ្រ

អាល្លឺម៉ង់ បានឱ្យដឹងថា ប្រទេស​នេះ​នឹងមិន​យកទោស​ពៃរ៍ ចំពោះ​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ ចំណែក​ក្រុម​មេដឹកនាំ​របស់ ដា​ណឺ​ម៉ាក និង ឡេ​តូ​នី អះអាងថា នឹង​អនុញ្ញាត បើសិន​ពលរដ្ឋ​របស់​ពួកគេ​ស្ម័គ្រចិត្ត។ រីឯ រដ្ឋមន្ត្រី​ការពារជាតិ​របស់ កា​ដា​ណា វិញ និយាយថា នេះ​គឺជា​បញ្ហា​ដែល​ស្ថិតក្នុង​ការសម្រេចចិត្ត​ជា​លក្ខណៈ​បុគ្គល។

ករណី​ទាហាន​បរទេស​ត្រូវបាន​ចាប់ខ្លួន

សាស្ត្រាចារ្យ​នៃ​សាលា​រដ្ឋបាល ការបរទេស និង​យុទ្ធសាស្ត្រ​របស់ ប្រទេស​អ៊ីស្រាអែល ថា ច្បាប់​អន្តរជាតិ​ស្នើឱ្យ រុស្ស៊ី ផ្ដល់​របប​មួយចំនួន​ដល់​ទាហាន​ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​មិន​គិត​អំពី​សញ្ជាតិ ដូចជា​របប​អាហារ ទឹក និង​ការព្យាបាល។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​បាន​អះអាង​ផ្ទុយ​ពីនេះ។

ទាហាន​ស្ម័គ្រចិត្ត​អាច​ត្រូវបាន​ចោទប្រកាន់​ដែរ ឬ​អត់?

ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់ បានឱ្យដឹងថា ទាហាន​បរទេស​ស្ម័គ្រចិត្ត​ទាំងឡាយ​នឹង​ប្រយុទ្ធ​ក្នុងនាម​ជា​សមាជិក​របស់ កងទ័ព​អ៊ុយ​ក្រែ​ន ដូច្នេះ ពួកគេ​នឹងមិន​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​នៅឯ​ប្រទេស​កំណើត លើកលែងតែ​លទ្ធភាព​នៃ​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​សកម្ម​ភាពស្រដៀងគ្នា​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *