Skip to content

មហាសេដ្ឋីអាម៉េរិក អ៊ីឡុន ម៉ាស បបួល​ ប្រធានាធិបតី​រុស្ស៊ី ភ្នាល់​មួយ​ទល់​នឹង​មួយ

មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក «បបួល ប្រធានាធិបតី​រុស្ស៊ី ភ្នាល់​ការប្រកួត​មួយ​ទល់នឹង​មួយ» ដោយមាន​រង្វាន់​ជា ទឹកដី​អ៊ុយ​ក្រែ​ន។

«ខ្ញុំ​ភ្នាល់​ជាមួយ​លោក វ្លា​ឌី​មៀ ពូ​ទីន មួយ​ស្មើ។ រង្វាន់​ក្នុងការ​ភ្នាល់​នេះ​គឺជា អ៊ុយ​ក្រែ​ន» មហាសេដ្ឋី​អាម៉េរិក លោក អ៊ីឡុន ម៉ាស (Elon Musk) សរសេរ​នៅ​បណ្ដាញ​សង្គម Twitter កាលពី​ម្សិលមិញ​ដូច្នេះ។ «តើ​លោក​ហ៊ាន​ទទួលយក​ការ​ភ្នាល់​លើ​ការប្រកួត​នេះ​អត់» មហាសេដ្ឋី​វ័យ ៥០ រូបនេះ សរសេរ​បន្ថែម​ជា ភាសា​រុស្ស៊ី។

លោក អ៊ីឡុន ម៉ាស បញ្ជាក់ថា លោក «និយាយ​ដោយ​ភាពម៉ឺងម៉ាត់​បំផុត» បន្ទាប់ពី​អ្នកតាមដាន​មួយចំនួន​នៅលើ Twitter យល់ថា លោក​មិនទាន់​ពិចារណា​ឱ្យបាន​ច្បាស់​អំពី​ការ​បបួល​ភ្នាល់។ «បើសិនជា​លោក ពូ​ទីន អាច​បំបាក់មុខ​បស្ចិម​លោក​បាន​ដោយ​ងាយ គាត់​នឹង​ទទួលយក​ការដាក់​ភ្នាល់ ប៉ុន្តែ គាត់​នឹងមិន​ធ្វើ​ដូច្នេះ» ម្ចាស់ Tesla ឱ្យដឹង​ដូច្នេះ។

លោក អ៊ីឡុន ម៉ាស ក៏បាន tag គណនី Twitter របស់​តំណាង​ប្រធានាធិបតី​រុស្ស៊ី ទៅក្នុង​សារ​របស់លោក​ផងដែរ។ វិមាន​ក្រឹម​ឡាំង មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។

អគ្គនាយក​ប្រតិបត្តិ​របស់ SpaceX បាន​សម្ដែង​ការគាំទ្រ​ចំពោះ អ៊ុយ​ក្រែ​ន តាំងតែ​ពី​ពេល រុស្ស៊ី ប្រកាស​បើក​យុទ្ធនាការ​យោធា​នៅ​ប្រទេស​នេះ។ លោក អ៊ីឡុន ម៉ាស ក៏បាន​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​ជំនួយ​ពី ទីក្រុង​កៀវ ដោយ​ការបើក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប Starlink នៅ អ៊ុយ​ក្រែ​ន និង​បាន​បញ្ជូន​ឧបករណ៍​ដើម្បី​ស្ដារ​ប្រព័ន្ធ​សម្រាប់​តំបន់​ទាំងឡាយ​ដែល​ដាច់​អ៊ី​ន​ធើ​ណិ​ត ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ដែល​បញ្ឆេះ​ឡើង​ដោយ រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *