Skip to content

អូស្ត្រាលី និង​ ហូ​ឡង់ សហការគ្នាដាក់​ពាក្យ​​ប្ដឹង​ប្រឆាំង រុស្ស៊ី ករណី​បាញ់​ទម្លាក់​យន្តហោះ MH១៧ នៅ​ភាគ​ខាង​កើត​ អ៊ុយក្រែន

ប្រទេស​អូស្ត្រាលី និង ប្រទេស​ហូ​ឡង់ សហការគ្នា​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង រុស្ស៊ី ទាក់ទង​នឹង​ករណី​បាញ់​ទម្លាក់​យន្តហោះ MH១៧ នៅ​ភាគខាងកើត​​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០១៤។

យោងតាម Reuters ប្រទេស​ទាំងពីរ​ខាងលើ​ដាក់ពាក្យ​ប្ដឹង​ឡើងទៅ​កាន់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO) ស្ដីពី​ករណី​បាញ់​ទម្លាក់​យន្តហោះ MH១៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines កាលពី ៨ ឆ្នាំមុន។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៤ មីនា នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison និង រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Marise Payne យល់ថា រុស្ស៊ី ត្រូវ​ទទួលខុសត្រូវ​ស្របតាម​ច្បាប់​អន្តរជាតិ​ចំពោះ​ករណីនេះ ហើយ​សកម្មភាព​នៅ ICAO គឺជា​ការតវ៉ា​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ២៩៨ នាក់ ក្នុងនោះ​មាន ៣៨ នាក់ ជា ពលរដ្ឋ​អូស្ត្រាលី។

នេះ​គឺជា​ករណី​ប្ដឹង​ដាច់ដោយឡែក​ពី​សវនាការ​នៅ ហូ​ឡង់ ដែល​កំពុងកាត់ទោស​ជនសង្ស័យ ៤ នាក់ ដែលត្រូវ​​ទទួលខុសត្រូវ​រឿង​ព្រហ្មទណ្ឌ​ឯកជនទាក់​ទង​នឹង​ករណី​បាញ់​ទម្លាក់​យន្ត​ហោះ​ខាងលើ។

ជើងហោះហើរ MH១៧ ពី Amsterdam (ហូ​ឡង់) ទៅកាន់ Kuala Lumpur (ម៉ាឡេស៊ី) កាលពី​ថ្ងៃទី ១៧ កក្កដា ២០១៤ ត្រូវបាន​គេ​បាញ់​ទម្លាក់​ពី​ដែនអាកាស​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន។ ក្រុម​អ្នកស៊ើប​អង្កេត​ជឿថា យន្តហោះ Boeing ៧៧៧ នោះ ​ត្រូវ​គ្រាប់​រ៉ុក្កែត​ប្រឆាំង​អាកាស​ដែល​ផលិត​ដោយ រុស្ស៊ី ហើយ​ប្រព័ន្ធ​រុ​ក្កែ​ត​នេះ មិនយូរប៉ុន្មាន​ក៏ត្រូវ​បាន​នាំ​ត្រលប់​ទៅកាន់ រុស្ស៊ី វិញ។

រុស្ស៊ី តែងតែ​ទាត់ចោល​រាល់​ការចោទប្រកាន់ និង​លើកឡើង​នូវ​ការសន្និដ្ឋាន​ជាច្រើន បើ​ទោះ​ត្រូវបាន​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​ច្រានចោល ព្រោះ​យល់ថា ខ្វះ​ភ័ស្ដុតាង។

តាម​គម្រោង តុលាការ​របស់ ហូ​ឡង់ នឹង​កាត់ទោស​ចំពោះ ពលរដ្ឋ​រុស្ស៊ី ៣ នាក់ និង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ម្នាក់ នៅក្នុង​ឆ្នាំនេះ ទាក់​ទង​នឹង​ករណី​ខាងលើ​។ ជនជាប់ចោទ​ទាំងនេះ មិនទាន់​ត្រូវបាន​ចាប់ខ្លួន ហើយក៏​​ធ្លាប់បាន​បង្ហាញខ្លួន​ក្នុង​តុលាការ​នៅឡើយ៕

Tags:

Leave a Reply

Your email address will not be published. Required fields are marked *