Skip to content

អ៊ុយ​ក្រែ​ន កម្ទេច​ស្ពាន​បណ្ដែត​ទឹក ដើម្បី​ពន្យឺតដំណើរ​សម្រុកចូល​ក្រុង​កៀវ របស់ កងទ័ព​រុស្ស៊ី

កងទ័ព​អ៊ុយ​ក្រែ​ន បាន​បំផ្លាញ​ស្ពាន​បណ្ដែត​ទឹក​មួយ​នៅក្បែរ​តំបន់ Hostomel ដើម្បី​ទប់ស្កាត់ កងទ័ព​រុស្ស៊ី ឆ្លងទន្លេ Irpin ឆ្ពោះ​មកកាន់ រដ្ឋធានី​កៀវ។

ស្ពាន​បណ្ដែត​ទឹក​នេះ ស្ថិតនៅ​ចម្ងាយ​ពី​ស្ពាន​សំខាន់​ឆ្លងកាត់​ទន្លេ Irpin ប្រហែល ៨ គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង។ រូបភាព​ពី​ផ្កាយរណប​របស់ Maxar កាលពី​ថ្ងៃទី ១៣ មីនា បាន​បង្ហាញថា ស្ពាន​បណ្ដែត​ទឹក​នេះ ទំនងជា​ត្រូវបាន​កម្ទេច ខណៈ​រូបថត​មួយ​សន្លឹក​ផ្សេងទៀត ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ក៏បាន​បង្ហាញថា ស្ពាន​នេះ​រង​ការខូចខាត​ធ្ងន់ធ្ងរ ហើយ​នៅក្បែរនោះ​គឺជា​យាន​យោធា​របស់ កងទ័ព​រុស្ស៊ី។ CNN បានបញ្ជាក់​អំពី​ភាពច្បាស់​ការណ៍​របស់​រូប​ថត​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម។

កងកម្លាំង​យោធា​របស់ អ៊ុយ​ក្រែ​ន នៅ​ជាយក្រុង Irpin របស់ រដ្ឋធានី​កៀវ មកដល់​បច្ចុប្បន្ន បាន​ពន្យឺតដំណើរ​សម្រុក​ចូល​ក្រុង​កៀវ របស់ កងទ័ព​រុស្ស៊ី។ ដោយ​ស្ពាន​សំខាន់​ឆ្លងកាត់​ទន្លេ Irpin ត្រូវបាន​បំផ្លាញ​ដើម្បី​ទប់ស្កាត់​ការ​រុលទៅមុខ​របស់ កងទ័ព​រុស្ស៊ី កាលពី​ជាង ១ សប្ដាហ៍​មុន ទន្លេ Irpin នឹង​ក្លាយជា​ឧបសគ្គ​ធំ​សម្រាប់ កងទ័ព​រុស្ស៊ី។

នេះ​គឺ​ជាទី​តាំងទី ២ ដែល កងទ័ព​រុស្ស៊ី ដំឡើង​ស្ពាន​បណ្ដែត​ទឹក​ដើម្បីឱ្យ​យាន​យោធា​ឆ្លងកាត់។ មុនពេល​ចាប់ផ្ដើម​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន រុស្ស៊ី បាន​ដំឡើង​ស្ពាន​បណ្ដែត​ទឹក​ឆ្លងកាត់​ទន្លេ Pripyat ក្នុង​តំបន់ Chernobyl ហើយ​កងទ័ព​បាន​ផ្លាស់​ទី​ឆ្លងកាត់​ទីនោះ។

យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ថ្ងៃទី ១។ កម្លាំង​របស់ រុស្ស៊ី រួម​នឹង​ទាហាន​របស់ ក្រុម​ផ្ដាច់ខ្លួន កំពុង​គ្រប់គ្រង​ទីក្រុង Kherson និង​ទីក្រុងតូចៗមួយចំនួនទៀត​នៅ​ភាគខាងត្បូង ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន ឡោមព័ទ្ធ Mariupol, Kharkov និង​កំពុង​ដាក់​សម្ពាធ​លើ​គោលដៅធំៗដទៃទៀត។

ក្រសួងការបរទេស​អង់គ្លេស កាលពី​ថ្ងៃទី ១២ មីនា បានឱ្យដឹងថា កងទ័ព​រុស្ស៊ី កំពុងស្ថិត​នៅក្នុង​ចម្ងាយ​ប្រហែល ២៥ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ និង​អាច​ឡោមព័ទ្ធ​រដ្ឋធានី​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *