Skip to content

អ៊ុយ​ក្រែ​ន៖ អភិបាលក្រុង​មួយរូប​ទៀត ត្រូវបាន ទាហាន​រុស្ស៊ី ចាប់ខ្លួន

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ប្រកាសថា អភិបាលក្រុង Dniprorudne ជាទី​ក្រុង​ភាគ​អាគ្នេយ៍ ត្រូវបាន​កងកម្លាំងរ​បស់ រុស្ស៊ី ចាប់ខ្លួន បន្ទាប់ពី​ហេតុការណ៍​ដូចគ្នានេះ​បានកើត​ឡើង​នៅ Melitopol។

«កងទ័ព​រុស្ស៊ី បាន​ចាប់ខ្លួន​អភិបាលក្រុង Dniprorudne» នៅក្នុង​ខេត្ត Zaporozhye ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៣ មីនា នេះ​បើតាម​អភិបាលខេត្ត Oleksandr Starukh ដែល​បានប្រកាស​នៅលើ Facebook។

រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba ឱ្យដឹងថា អភិបាលក្រុង​ដែល​ត្រូវបាន​ចាប់ខ្លួន មាន​ឈ្មោះថា Yevhen Matveyev និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក និង​អង្គការ​អន្តរជាតិ​នានា ទប់ស្កាត់​អំពើ​នេះ​របស់ រុស្ស៊ី។

ភាគី​ខាង ប្រទេស​រុស្ស៊ី មិនទាន់បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​ទៅនឹង​ដំណឹង​ខាងលើនេះ។

សភា​អ៊ុយ​ក្រែ​ន មុន​នោះ បានឱ្យដឹងថា Ivan Fedorov ដែលជា​អភិបាលក្រុង Melitopol នៃ​ខេត្ត Zaporozhye ក៏ត្រូវ​បាន រុស្ស៊ី ចាប់ខ្លួន​កាលពី​ថ្ងៃទី ១១ មីនា ព្រោះតែ​មិន​ព្រម​សហការ។ អ៊ុយ​ក្រែ​ន បាន​ហៅ​ការចាប់ខ្លួន​នេះ​ថា ជា​អំពើ «ចាប់ជំរិត»។ យោងតាម​ទីក្រុង​កៀវ អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ពិធីសារ​បន្ថែម​នានា បាន​ហាម​ការចាប់​ជំរិត​ដូច​ករណី Fedorov។

ចំណែក​មេដឹកនាំ​គោលនយោបាយ​ការទូត​របស់ សហភាព​អឺរ៉ុប Josep Borrell បានប្រកាស​នៅលើ Twitter កាលពី​ថ្ងៃទី ១៣ មីនា​ថា «EU ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការដែល កងទ័ព​រុស្ស៊ី ចាប់ជំរិត​អភិបាលក្រុង Melitopol និង Dniprorudne»។

Leave a Reply

Your email address will not be published. Required fields are marked *