ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានអំពាវឱ្យស្ត្រីជាម្ដាយរបស់ ទាហារុស្ស៊ី ស្វែងរកវិធីដើម្បីទប់ស្កាត់កូនប្រុសរបស់ពួកគេ ដែលត្រូវបានបញ្ជូនឱ្យមកចូលរួមធ្វើសង្គ្រាមប្រឆាំង អ៊ុយក្រែន។
«ជាថ្មីម្ដងទៀត ខ្ញុំចង់និយាយអំពីប្រការនេះជាមួយស្ត្រីជាម្ដាយទាំងឡាយនៅ រុស្ស៊ី ពិសេសគឺអ្នកម្ដាយរបស់ទាហានជាប់កាតព្វកិច្ច។ សូមកុំបណ្ដោយឱ្យកូនរបស់គ្រប់គ្នា ទៅធ្វើសង្គ្រាមនៅបរទេស» ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមឿ ហ្សេឡែនស្គី ថ្លែងដូច្នេះនៅក្នុងវីដេអូមួយដែលបានបង្ហោះលើ Telegram នាថ្ងៃនេះ។
«សូមពិនិត្យមើល តើកូនរបស់គ្រប់គ្នាកំពុងស្ថិតនៅទីណា។ ហើយបើសិនសង្ស័យថា កូនរបស់ខ្លួនអាចត្រូវបានបញ្ជូនមកកាន់ អ៊ុយក្រែន សូមធ្វើសកម្មភាពជាប្រញាប់។ អ៊ុយក្រែន មិនដែលចង់ឱ្យមានសង្គ្រាមដ៏ឃោរឃៅនេះឡើយ ប៉ុន្តែ ចាំបាច់ត្រូវតែការពារខ្លួនឱ្យដល់ទីបំផុត» លោក ហ្សឡែស្គី បញ្ជាក់។
ព័ត៌មានខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពី កងទ័ពអ៊ុយក្រែន ប្រកាសថា បានចាប់ខ្លួន ទាហានរុស្ស៊ី រាប់សិបនាក់ ដែលកំពុងធ្វើសង្គ្រាមនៅ អ៊ុយក្រែន។ អ៊ុយក្រែន ក៏បានប្រកាសលេខទូរស័ព្ទ និងអ៊ីម៉េល របស់ ទាហានរុស្សី ទាំងនោះផងដែរ ដើម្បីឱ្យក្រុមគ្រួសារអាចទាក់ទងបាន។