ទាហានរុស្ស៊ី បានចាប់ខ្លួន Ivan Fedorov ដែលជាអភិបាលក្រុង Melitopol ខណៈកម្លាំងផ្ដាច់ខ្លួននៅ Luhansk ចោទអភិបាលរូបនេះថា ប្រព្រឹត្តអំពើភេរវកម្ម។
«យោងតាមព័ត៌មានដំបូង លោក Ivan Fyodorov អភិបាលក្រុង Melitopol ត្រូវបានទាហានរុស្ស៊ី ចាប់ខ្លួនប្រហែល ១ ម៉ោងមុននេះ» Kyrylo Tymoshenko ដែលជាអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ថ្ងៃនេះ បានឱ្យដឹងដូច្នេះ។
មូលហេតុដែលនាំឱ្យលោក Fedorov ត្រូវបានក្រុមទាហានរុស្ស៊ី ចាប់ខ្លួន គឺដោយសារលោក «មិនព្រមសហការ»។ «ពេលកំពុងត្រូវបានចាប់ខ្លួន ក្នុងការិយាល័យរបស់លោក Fedorov នៅមាន ទង់ជាតិអ៊ុយក្រែន នៅឡើយ» លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន អះអាងដូច្នេះ។
ក្រោយការចាប់ខ្លួនលោក Fedorov ចៅក្រមតុលាការខេត្ត Luhansk ដែលជាតំបន់ផ្ដាច់ខ្លួននៅ ភាគខាងកើតអ៊ុយក្រែន បានប្រកាសថា លោក Fedorov បានបំពានច្បាប់ប្រឆាំងភេរវកម្ម និងកំពុងត្រូវបានស៊ើបអង្កេត។
ចំណែក ក្រសួងការបរទេសអ៊ុយក្រែន បានចោទថា ការចាប់ខ្លួនអភិបាលក្រុង Melitopol គឺជា «អំពើចាប់ជំរិត និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
បច្ចុប្បន្ននេះ ទីក្រុង Melitopol កំពុងត្រូវបានគ្រប់គ្រងដោយ កងទ័ពរុស្ស៊ី។ ភាគីរុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីទាក់ទងនឹងការចោទប្រកាន់ពី ភាគីអ៊ុយក្រែន នៅឡើយ ក្នុងករណីខាងលើ។