កងទ័ពអ៊ុយក្រែន បង្ហោះវីដេអូមួយដែលបង្ហាញអំពីទិដ្ឋភាពក្បួនរថពាសដែកដែលត្រូវបានគេអះអាងថាជារបស់ រុស្ស៊ី ត្រូវបានវាយឆ្មក់ និងរងការខូចខាតធ្ងន់ធ្ងរនៅ ជាយក្រុងកៀវ។
វីដេអូដែលត្រូវបានបង្ហោះដោយកងទ័ពរបស់ អ៊ុយក្រែន កាលពីថ្ងៃទី ១០ មីនា បង្ហាញថា ក្បួនរថពាសដែក និងរថក្រោះ ត្រូវរងការវាយប្រហារជាបន្តបន្ទាប់នៅលើដងផ្លូវមួយ។ អ៊ុយក្រែន និយាយថា ក្បួនទ័ពដែលរងការវាយប្រហារនេះ គឺជារបស់ កងទ័ពរុស្ស៊ី ប៉ុន្តែ មិនទាន់ឱ្យដឹងច្បាស់អំពីទីតាំងសមរភូមិនៅឡើយ។
វីដេអូនេះត្រូវបានបញ្ចូលសំឡេងដែលទំនងជាការទាក់ទងរវាងមន្ត្រីយោធារុស្ស៊ី ជាមួយនឹងថ្នាក់លើ និងត្រូវបាន អ៊ុយក្រែន ស្ទាក់ស្ដាប់បាន។ «យើងបានបាត់បង់កងពល ៦» មន្ត្រីយោធានេះ ប្រាប់មេបញ្ជាការរបស់ខ្លួន។ «ខ្ញុំមិនអាចរាយការណ៍អំពីកងពល ។ ខ្ញុំកំពុងប្រមូលព័ត៌មាន។ ខូចខាតច្រើនណាស់។ ផ្នែកខាងមុខរបស់ក្បួនយានយោធាត្រូវបានវាយឆ្មក់។ ប្រធានកងពលបានបាត់បង់ជីវិត»។
កងទ័ពអ៊ុយក្រែន និយាយថា មេបញ្ជាការនៃកងពលលេខ៦ របស់ កងទ័ពរុស្ស៊ី បានស្លាប់ក្នុងករណីវាយឆ្មក់ ក្នុងពេលដែលសារព័ត៌មានអ៊ុយក្រែន ផ្សាយថា មេបញ្ជាការអាចជាវរសេនីយ៍ឯក Andrei Zakharov ប៉ុន្តែ ព័ត៌មាននេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។
ទំព័រស៊ើបអង្កេត Bellingcat ឱ្យដឹងថា កំណត់បាននូវទីតាំងនៃករណីវាយឆ្មក់ក្នុងវីដេអូនេះ។ ហេតុការណ៍កើតឡើងនៅទីប្រជុំជនមួយ ក្បែរផ្លូវ E៩៥ ដែលមានចម្ងាយពី រដ្ឋធានីកៀវ ប្រហែល ៣៥ គីឡូម៉ែត្រ ទៅទិសខាងកើត។