កងទ័ពអ៊ុយក្រែន និយាយថា ល្បឿននៃការសម្រុកចូលរបស់ រុស្ស៊ី ទៅក្នុងតំបន់នានារបស់ អ៊ុយក្រែន កំពុងបន្ថយល្បឿន និងត្រូវ «ចងជើង» ក្នុងការព្យាយាមរុលចូល ទីក្រុងកៀវ។
កងទ័ពអ៊ុយក្រែន កំពុងប្រឹងប្រែងទប់ស្កាត់ទាហានរបស់ រុស្ស៊ី ដែលកំពុងព្យាយាមសម្រុកចូលក្នុងតំបន់ភាគអាគ្នេយ៍របស់ប្រទេសនេះ ក្នុងនោះមានតំបន់ Donetsk និង Slobozhansky ក៏ដូចជានៅជាយក្រុងកៀវ នេះបើតាម អគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន។
ព័ត៌មាននេះ ត្រូវបានលើកឡើង បន្ទាប់ពី AFP កាលពីថ្ងៃទី ៩ មីនា បានឱ្យដឹងថា រថក្រោះរុស្ស៊ី បានបង្ហាញខ្លួននៅតំបន់ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីរដ្ឋធានី។ ចំណែករថពាសដែករបស់ រុស្ស៊ី ក៏បង្ហាញវត្តមាននៅតំបន់ភាគឦសានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ប៉ុណ្ណោះ ពីរដ្ឋធានីកៀវ។
ក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ជាក់ថា ក្បួនរថយន្តយោធាធំរបស់ រុស្ស៊ី នៅភាគពាយព្យរបស់ ក្រុងកៀវ កំពុងរង «ការខូចខាតជាបន្តបន្ទាប់»។