អភិបាលក្រុង Mariupol អំពាវនាវសុំជំនួយ និងបើកច្រកសម្រាប់សកម្មភាពមនុស្សធម៌ នៅពេលទីក្រុងនេះកំពុងដាច់ភ្លើង ទឹក និងស្បៀង ដោយសារត្រូវ កងទ័ពរុស្ស៊ី ឡោមព័ទ្ធ។
Vadym Boychenko ដែលជាអភិបាលក្រុង Mariupol នៅភាគអាគ្នេយ៍របស់ អ៊ុយក្រែន កាលពីថ្ងៃទី ៤ មីនា បានអំពាវនាវសុំជំនួយយោធា និងការបង្កើតច្រកទទួលជំនួយមនុស្សធម៌ នឹងជម្លៀសមនុស្សមួយចំនួនក្នុងចំណោមប្រជាជន ៤០០,០០០ នាក់ ទៅរកទីសុវត្ថិភាព បន្ទាប់ពីត្រូវជាប់ក្នុងការឡោមព័ទ្ធ និងការវាយប្រហារអស់រយៈពេល ៥ ថ្ងៃ ពីភាគី កងទ័ពរុស្ស៊ី។
«យើងកំពុងត្រូវបានគេប្រល័យ» Boychenko បានថ្លែងដូច្នេះនៅលើកញ្ចក់ទូរទស្សន៍ ដោយចោទថា កម្លាំងរបស់ រុស្ស៊ី បានបាញ់គ្រាប់ប្លោងមកលើទីប្រជុំជន និងមន្ទីរពេទ្យ។ «ពួកគេចង់លុបបំបាត់ Mariupol និងប្រជាជននៅក្នុងក្រុង»។
មេបញ្ជាការរងម្នាក់នៃអង្គភាព Azov របស់កងទ័ពការពារជាតិអ៊ុយក្រែន ឱ្យដឹងថា កងទ័ពអ៊ុយក្រែន កំពុងរក្សាបានជំហរនៅចំពោះមុខការវាយសម្រុករបស់ កងទ័ពរុស្ស៊ី មកលើក្រុង Mariupol ប៉ុន្តែ ត្រូវការជំនួយច្រើន។
រុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃទី ៣ មីនា បានយល់ព្រមបើកឱ្យមានច្រកសុវត្ថិភាពសម្រាប់ជំនួយមនុស្សធម៌ ដើម្បីផ្ដល់ឱកាសឱ្យប្រជាជនភៀសខ្លួន ដែលនេះគឺជាលទ្ធផលជាក់ស្ដែងដំបូង បន្ទាប់ពីការចរចា ២លើក។