ក្រសួងការពារជាតិអាម៉េរិក បានបង្កើតខ្សែទូរស័ព្ទទំនាក់ទំនងផ្ទាល់ជាមួយក្រសួងការពារជាតិរុស្ស៊ី ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហានៅ អ៊ុយក្រែន។
ការសម្រេចចិត្តដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ មីនា របស់ ក្រសួងការពារជាតិរុស្ស៊ី និងសហរដ្ឋអាម៉េរិក គឺក្នុងបំណងបញ្ចៀស «ការគណនាខុស» ទៅលើហេតុការណ៍យោធា និងការឡើងកំដៅនៃភាពតានតឹងរវាងបណ្ដាប្រទេសដែលពាក់ព័ន្ធនឹងវិបត្តិនៅ អ៊ុយក្រែន នេះបើតាមការឱ្យដឹងកាលពីថ្ងៃទី ៣ មីនា របស់មន្ត្រីជាន់ខ្ពស់មួយរូប នៅ មន្ទីរបញ្ចកោណ។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាម៉េរិក Antony Blinken ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba ទាក់ទងនឹងការផ្ដល់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជនភៀសខ្លួននៅ អ៊ុយក្រែន ផងដែរ។
សកម្មភាពខាងលើត្រូវបានធ្វើឡើងនៅក្នុងគ្រាដែល ប្រតិភូអ៊ុយក្រែន និង រុស្ស៊ី បានបញ្ចប់កិច្ចចរចាជុំទី ២ និងយល់ព្រមគាំទ្រលើគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតច្រកសុវត្ថិភាពមនុស្សធម៌ សម្រាប់ប្រជាជនស៊ីវិល និងកិច្ចព្រមព្រៀងឈប់បាញ់ជាក់លាក់។