ណាតូ (NATO-North Atlantic Treaty Organization) គឺជាសម្ព័ន្ធមិត្តអន្តរជាតិ ដែលមានប្រទេសចំនួន ៣០ ជាសមាជិក មកពី ទ្វីបអឺរ៉ុប, អាម៉េរិកខាងជើង និង អាស៊ី។
ណាតូ ត្រូវបានបង្កើតឡើងនៅពេលចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង កាលពីថ្ងៃទី ៤ មេសា ឆ្នាំ ១៩៤៩។ មាត្រាទី ៥ របស់សន្ធិសញ្ញានេះចែងថា បើសិនជាការវាយប្រហារប្រដាប់អាវុធកើតឡើង ប្រឆាំងនឹងសមាជិកណាមួយរបស់ ណាតូ នោះវានឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់ ហើយសមាជិកទាំងអស់នឹងជួយដល់សមាជិកដែលត្រូវបានវាយប្រហារ តាមរយៈកម្លាំងប្រដាប់អាវុធ បើសិនជាចាំបាច់។
ក្នុងចំណោម ៣០ ប្រទេស ដែលជាសមាជិករបស់ ណាតូ មាន ២៧ ប្រទេសនៅ អឺរ៉ុប, ២ នៅ អាម៉េរិកខាងជើង និង ១ នៅ អាស៊ី។ សមាជិកទាំងអស់សុទ្ធតែមានកងទ័ព លើកលែងតែ អ៊ីស្លង់ ដែលមានតែកម្លាំងការពារឆ្នេរ និងអង្គភាពតូចមួយ។ សមាជិកចំនួន ៣ របស់ ណាតូ មានអាវុធនុយក្លេអែរ គឺ បារាំង, អង់គ្លេស និង សហរដ្ឋអាម៉េរិក។
ដំបូងឡើយ ណាតូ មាន ១២ ប្រទេសជាសហស្ថាបនិក។ សមាជិកថ្មីចំនួន ៣ ត្រូវបានបញ្ចូលចាប់ពីឆ្នាំ ១៩៥២ ដល់ ១៩៥៥ និងសមាជិកថ្មី ១ ទៀត ដាក់បញ្ចូលក្នុងឆ្នាំ ១៩៨២។ ក្រោយពីសង្គ្រាមត្រជាក់បានបញ្ចប់ ណាតូ ក៏បានបន្ថែមសមាជិកថ្មីចំនួន ១៤ ទៀត រាប់ចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០២០។
សមាជិកចំនួន ៣០ ប្រទេស របស់ ណាតូ រួមមាន បែលហ្សិក, កាណាដា, ដាណឺម៉ាក, បារាំង, អ៊ីស្លង់, អ៊ីតាលី, លុចសំបួ, ហូឡង់ (Netherlands ឬ Holland), ន័រវែស, ព័រទុយហ្គាល, អង់គ្លេស, សហរដ្ឋអាម៉េរិក, ក្រិក, តួកគី, អាល្លឺម៉ង់, អេស្ប៉ាញ, ឆែក, ហុងគ្រី, ប៉ូឡូញ, ប៊ុលហ្គារី, អេស្តូនី, ឡេតូនី, លីទុយអានី, រូម៉ានី, ស្លូវ៉ាគី, អាល់បានី, ក្រូអាស៊ី, ម៉ុងតេណេហ្គ្រោ និង ម៉ាសេដ្វានខាងជើង។
បច្ចុប្បន្ន មេដឹកនាំ (អគ្គលេខាធិការ) នៃអង្គការណាតូ គឺលោក Jens Stoltenberg អាយុ ៦២ ឆ្នាំ ជាជនជាតិន័រវែស។