Skip to content

ប្រធានាធិបតី​រុស្ស៊ី ថា បើ​ចង់បាន​សន្តិភាព​នៅ អ៊ុយ​ក្រែ​ន ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ចំនួន ៣

នៅពេល​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង កាលពី​ថ្ងៃទី ២៨ កុម្ភៈ មេដឹកនាំ​របស់ រុស្ស៊ី បានលើកឡើង​នូវ​លក្ខខណ្ឌ​ចំនួន ៣ ដែល អ៊ុយ​ក្រែ​ន ត្រូវតែ​ធ្វើតាម បើសិន​ចង់បាន​សន្តិភាព។

ក្រោយ​ជំនួប​តាម​ទូរស័ព្ទ រវាង ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន និង ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី ២៨ កុម្ភៈ វិមាន​ក្រឹម​ឡាំង ប្រកាសថា លោក ពូ​ទីន និយាយថា រុស្ស៊ី «ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​ជាមួយ​តំណាង​របស់ អ៊ុយ​ក្រែ​ន»។

ប៉ុន្តែ លោក ពូ​ទីន បញ្ជាក់ថា ដំណោះស្រាយ​សន្តិភាព​នឹង​អាច​ទទួលយកបាន លុះត្រាតែ «ផលប្រយោជន៍​ផ្នែក​សន្តិសុខ​ស្របច្បាប់​របស់ រុស្ស៊ី ត្រូវបាន​រាប់បញ្ចូល​ដោយ​មិនមាន​លក្ខខណ្ឌ» ក្នុងនោះ​មាន​ទាំង «ការទទួលស្គាល់​អធិប​តេ​យ្យ​ភាព​របស់ រុស្ស៊ី ចំពោះ​ឧបទ្វីប Crimea, សម្រេច​ភារកិច្ច​មិន​ពង្រីក​ទ័ព និង ការផ្ដាច់​ហ្វា​ស៊ី​ស​និយម ពី ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ធានា​នូវ​ស្ថានភាព​អព្យាក្រឹត​របស់ ទីក្រុង​កៀវ»។

ផែនទី​ឧបទ្វីប​ Crimea

វិមាន​អេ​លី​សេ (Elysee) របស់ បារាំង ក៏​បានចេញ​សេចក្ដីប្រកាស ក្រោយពី​ជំនួប​ជាមួយ​មេដឹកនាំ​របស់ រុស្ស៊ី ថា លោក​ប្រធានាធិបតី ម៉ា​ក្រុង «រំលឹក​ឡើងវិញ​អំពី​សំណើ​របស់​សហគមន៍​អន្តរជាតិ» ដែលថា រុស្ស៊ី ត្រូវ​បញ្ចប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់។

លោក ម៉ា​ក្រុង ក៏បាន​លើកសំណើ​មួយចំនួន ក្នុងនោះ ជាពិសេស រុស្ស៊ី ត្រូវតែ​គោរព​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ដែនដី​នៅ អ៊ុយ​ក្រែ​ន។ លោក​ក៏​អំពាវនាវ​ឱ្យ «បញ្ឈប់​រាល់​សកម្មភាព​វាយប្រហារ​តាម​អាកាស និង​ការបាញ់​សំដៅ​ប្រជាជន​ស៊ីវិល» រួម​នឹង «ការរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល» និង «ធ្វើឱ្យមាន​សន្តិសុខ​ដល់​បណ្ដា​ផ្លូវសំខាន់» រួមទាំង​ផ្លូវ​នៅ​ភាគខាងត្បូង​នៃ ក្រុង​កៀវ ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *