ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងទ័ពរុស្ស៊ី បច្ចុប្បន្នវាយយកបានទីក្រុង Berdyansk និង Enerhodar ព្រមទាំងមានប្រៀបជាង កងទ័ពអ៊ុយក្រែន នៅលើអាកាស។
ព័ត៌មានខាងលើគឺជាប្រកាសនាថ្ងៃនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី Igor Konashenkov។ អ្នកនាំពាក្យនេះក៏បាននិយាយថា ពួកគេបានគ្រប់គ្រងតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអែរ Zaporizhzhya ប៉ុន្តែ ភាគីខាងអ៊ុយក្រែន ភ្លាមនោះក៏បានបដិសេធ។
រុស្ស៊ី ថែមទាំងប្រកាសថា ប្រជាជនក្នុង រដ្ឋធានីកៀវ អាចចាកចេញពីទីក្រុងដោយសេរី។ ប៉ុន្តែ ក្រសួងមហាផ្ទៃរបស់ អ៊ុយក្រែន កាលពីថ្ងៃទី ២៧ កុម្ភៈ រាយការណ៍ថា ប្រជាជនប្រមាណ ៣៥២ នាក់ បានស្លាប់ ក្នុងនោះមានកុមារ ១៤ នាក់ និងមនុស្សជាង ១,៦៨0 នាក់ បានរងរបួស ក្នុងនោះមានក្មេងចំនួន ១១៦ នាក់ ក្រោយពី រុស្ស៊ី បានបញ្ឆេះសង្គ្រាម។
សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មលើ រុស្ស៊ី និងកំពុងញាប់ដៃ ញាប់ជើង ក្នុងការផ្ដល់អាវុធឱ្យ អ៊ុយក្រែន។ កាលពីថ្ងៃទី ២៦ កុម្ភៈ បស្ចិមលោកបានសម្រេចកាត់ផ្ដាច់ធនាការធំៗមួយចំនួនរបស់ រុស្ស៊ី ចេញពីប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុនៃធានាគារទូទាំងសកលលោក (SWIFT) ដែលត្រូវបានគេចាត់ទុកថា ជាទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។
ថ្ងៃនេះ គណៈប្រតិភូរបស់ អ៊ុយក្រែន បានធ្វើដំណើរទៅដល់ ប្រទេសបេឡារូស ដើម្បីចាប់ផ្ដើមកិច្ចចរចាជាមួយ ភាគីរុស្ស៊ី។ តំណាងរបស់ រុស្ស៊ី និយាយថា រាល់ការព្រមព្រៀងគឺសុទ្ធតែត្រូវផ្អែកលើផលប្រយោជន៍របស់ប្រទេសទាំងពីរ។