កំពូលអ្នកមាន ២ រូប នៅ ប្រទេសរុស្ស៊ី គឺ Oleg Deripaska និង Mikhail Fridman បានអំពាវនាវឱ្យមានសន្តិភាព និងបញ្ចប់ការប្រយុទ្ធគ្នានៅ ប្រទេសអ៊ុយក្រែន ហើយថា នេះគឺជាសោកនាដកម្មចំពោះប្រជាជននៅ ប្រទេសទាំងពីរ។
មហាសេដ្ឋី Fridman វ័យ ៥៧ ឆ្នាំ ដែលមានស្រុកកំណើតនៅ អ៊ុយក្រែនខាងលិច នៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិកកាលពីថ្ងៃទី ២៧ កុម្ភៈ បានសរសេរថា សង្គ្រាមនៅ អ៊ុយក្រែន កំពុងបំបែកបំបាក់ទំនាក់ទំនងរវាងប្រជាជន Slav កំពុងរស់នៅក្នុង ប្រទេសរុស្ស៊ី និង ប្រទេសអ៊ុយក្រែន ដែលជាបងប្អូននឹងគ្នាក្នុងរយៈពេលច្រើនសតវត្សរ៍។
«ខ្ញុំកើតនៅភាគខាងលិចអ៊ុយក្រែន និងរស់នៅទីនោះរហូតដល់មានអាយុ ១៧ ឆ្នាំ។ ឪពុករបស់ខ្ញុំគឺជាជនជាតិអ៊ុយក្រែន និងរស់នៅក្នុង តំបន់ Lviv ជាទីក្រុងដែលខ្ញុំស្រលាញ់ចូលចិត្ត» មហាសេដ្ឋីទី ១២៨ ក្នុងពិភពលោកនាឆ្នាំ ២០២១ របស់ Forbes បច្ចុប្បន្នមានទ្រព្យ ១១.៧ ពាន់លានដុល្លារ បានរៀបរាប់ដូច្នេះ។
«ប៉ុន្តែ ខ្ញុំបានចំណាយពេលភាគច្រើននៃជីវិតរបស់ខ្ញុំ រស់នៅក្នុងនាមជាពលរដ្ឋរុស្ស៊ី កសាង និងអភិវឌ្ឍកិច្ចការជំនួញ។ ខ្ញុំមានការតស៊ូយ៉ាងជ្រាលជ្រៅជាមួយ ជនជាតិអ៊ុយក្រែន និង ជនជាតិរុស្ស៊ី។ ខ្ញុំយល់ឃើញថា សង្គ្រាមបច្ចុប្បន្នគឺជាសោកនាដកម្មសម្រាប់ប្រជាជនរបស់ប្រទេសទាំងពីរ»។
មហាសេដ្ឋីរុស្ស៊ី Oleg Deripaska វ័យ ៥៤ ឆ្នាំ ក៏បានបង្ហោះសារនៅលើ Telegram ដោយអំពាវនាវឱ្យមានការចរចារកសន្តិភាព «កាន់តែឆាប់ កាន់តែល្អ»។ លោក គឺជាអ្នកមានជាងគេលំដាប់ទី ៧៧៥ របសពិភពលោក នៅក្នុងតារាងចំណាត់ថ្នាក់ឆ្នាំ ២០២១ របស់ Forbes។ បច្ចុប្បន្ន មហាសេដ្ឋីរូបនេះមានទ្រព្យចំនួន ៤ ពាន់លានដុល្លារអាម៉េរិក។
«សន្តិភាពមានសារសំខាន់ជាទីបំផុត» ម្ចាស់ក្រុមហ៊ុន Rusal របស់ រុស្ស៊ី បានថ្លែងដូច្នេះ។ កាលពីថ្ងៃទី ២១ កុម្ភៈ លោក Oleg ក៏ធ្លាប់បាននិយាយថា មិនគួរឱ្យមានជម្លោះប្រដាប់អាវុធនៅ អ៊ុយក្រែន។
ទីក្រុងវ៉ាស៊ីងតោន និងប្រទេសធំៗក្នុងពិភពលោក បាន និងកំពុងដាក់ទណ្ឌកម្មលើ រុស្ស៊ី បន្ទាប់ពី លោក ពូទីន បានប្រកាសចូលឈ្លានពាន អ៊ុយក្រេន បណ្ដាលឱ្យក្រុមមហាសេដ្ឋីរបស់ រុស្ស៊ី ទទួលរងផលអាក្រក់យ៉ាងធ្ងន់ធ្ងរ។
ចំណែកមហាសេដ្ឋីមួយរូបផ្សេងទៀតនៅ មូស្គូ ដែលសុំមិនបញ្ចេញឈ្មោះ បានសម្ដែងការព្រួយបារម្ភថា៖ «ជម្លោះប្រដាប់អាវុធនឹងជាសោកនាដកម្មចំពោះសេដ្ឋកិច្ច ទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងពិភពលោក និងស្ថានការណ៍នយោបាយ»។ លោកបានបន្ថែមថា ក្នុងជំនួបជាមួយលោក ពូទីន កាលពីថ្ងៃទី ២៤ កុម្ភៈ គ្រប់គ្នាសុទ្ធតែស្ងៀមស្ងាត់។ «អ្នកជំនួញយល់យ៉ាងច្បាស់អំពីផលវិបាក។ ប៉ុន្តែ តើមានអ្នកណាសួរយោបល់ពួកគេអត់?»។