«យើងយល់ស្របជាមួយសម្ព័ន្ធមិត្ត និងដៃគូអន្តរជាតិ ដើម្បីធានាថា រុស្ស៊ី ត្រូវតែទទួលរងផលអាក្រក់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងការទូត បន្ទាប់ពីប្រទេសនេះ ឈ្លានពាន អ៊ុយក្រែន» រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក Janet Yellen និយាយក្នុងប្រកាសមួយកាលពីថ្ងៃទី ២៥ កុម្ភៈ។
សារព័ត៌មាន Reuters បានដកស្រង់សម្ដីរបស់លោកស្រី Janet Yellen ឱ្យដឹងថា៖ «បើសិនជាចាំបាច់ យើងនឹងឱ្យ រុស្ស៊ី រងការខូចខាតធ្ងន់ធ្ងរបំផុត»។
ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏នឹងដាក់ទណ្ឌកម្មទប់ស្កាត់ទាំងស្រុង ចំពោះមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) ដែលជាកម្មសិទ្ធិរបស់ រដ្ឋរុស្ស៊ី នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យនៅ សេតវិមាន កាលពីថ្ងៃទី ២៥ កុម្ភៈ។
AFP ឱ្យដឹងថា ប្រធានាធិបតី ពូទីន នឹងក្លាយជាគោលដៅសំខាន់បំផុតដែលត្រូវ អាម៉េរិក ដាក់ទណ្ឌកម្មលើកនេះ។ ទណ្ឌកម្មនេះត្រូវបានលើកឡើង បន្ទាប់ពី សហភាពអឺរ៉ុប និង អង់គ្លេស បានដាក់ទណ្ឌកម្មដូចគ្នានេះ កាលពីប៉ុន្មានម៉ោងមុន។