លោក Antonio Guterres ដែលជាអគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ (UN) បានស្នើឱ្យទាហានរបស់ រុស្ស៊ី នៅ អ៊ុយក្រែន «ត្រលប់ចូលបន្ទាយ» ទន្ទឹមនឹងការអំពាវនាវឱ្យគ្រប់ភាគី ផ្ដល់សន្តិភាពជូនប្រទេសនេះ។
ប្រកាសខាងលើរបស់ អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ ត្រូវបានលើកឡើង ក្រោយពី រុស្ស៊ី បានរាំងខ្ទប់សេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សានៃ អង្គការសហប្រជាជាតិ ដែលគ្រោងនឹងថ្កោលទោសចំពោះ ទង្វើឈ្លានពានរបស់ប្រទេសនេះ លើ ប្រទេសអ៊ុយក្រែន។
ទាក់ទងនឹងការលុកលុយរបស់ កងទ័ពរុស្ស៊ី នៅ អ៊ុយក្រែន បច្ចុប្បន្ន បណ្ដាប្រទេសកំពុងតែបញ្ចេញប្រតិកម្មរៀងៗខ្លួន។ កាហ្សាក់ស្ថាន បានបដិសេធការចូលរួមធ្វើសង្គ្រាមជាមួយ រុស្ស៊ី ដើម្បីប្រឆាំង អ៊ុយក្រែន ហើយក៏មិនទទួលស្គាល់ឯករាជ្យនៅ Donetsk និង Luhansk ដែល រុស្ស៊ី បានទទួលស្គាល់មុនគេ។ ប្រទេសកាហ្សាក់ស្ថាន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ រុស្ស៊ី។
អគ្គលេខាធិការនៃ អង្គការណាតូ លោក Jens Stoltenberg ប្រកាសកាលពីថ្ងៃទី ២៥ កុម្ភៈ ថា ណាតូ (NATO) បានបញ្ចេញកម្លាំងប្រតិកម្មរបស់ខ្លួន (NATO Response Force-NRF) ដែលមានទាហាន ៤០,០០០ នាក់ ទៅកាន់ អឺរ៉ុបខាងកើត ក្បែរ ប្រទេសរុស្ស៊ី។
ចំណែកបណ្ដាប្រទេសដូចជា ឆែក, ប៉ូឡូញ និង ប៊ុលហ្គារី ក៏បានប្រកាសបិទដែនអាកាស ចំពោះជើងហោះហើរនានារបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ប្រទេសនេះ ទៅលើ អ៊ុយក្រែន។
ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី ២៥ កុម្ភៈ ក៏បានប្រកាសថា ប្រធានាធិបតីប្រទេសនេះ បានចេញបញ្ជាឱ្យដកអគ្គរដ្ឋទូតប្រចាំ ប្រទេសរុស្ស៊ី មកវិញ ទន្ទឹមនឹងការជំទាស់នឹងទង្វើរបស់ រុស្ស៊ី នៅ អ៊ុយក្រែន។ មុននោះ ប្រទេសអាម៉េរិកកណ្ដាលមួយនេះ ក៏បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះបូរណភាពទឹកដីរបស់ អ៊ុយក្រែន។