សេតវិមាន កាលពីថ្ងៃទី ២៥ កុម្ភៈ បានស្នើឱ្យសភា អនុម័តខ្ទង់ថវិកាជំនួយ ៦.៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហានៅ អ៊ុយក្រែន បន្ទាប់ពី រុស្ស៊ី បើកការឈ្លានពានប្រទេសនេះ។
នៅក្នុងខ្ទង់ជំនួយខាងលើ ២.៩ ពាន់លានដុល្លារ នឹងត្រូវបានផ្ដល់ជាជំនួយផ្នែកមនុស្សធម៌ និង ៣.៥ ពាន់លានដុល្លារសម្រាប់ក្រសួងការពារជាតិ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋាភិបាលអាម៉េរិក។
មន្ត្រីមកពីការិយាល័យគ្រប់គ្រង និងថវិកាសេតវិមាន បាននិយាយថា៖ «ក្នុងការពិភាក្សាថ្មីៗនេះជាមួយក្រុមអ្នកតាក់តែងច្បាប់ រដ្ឋាភិបាលបានកំណត់ថា ត្រូវការផ្ដល់ជំនួយមនុស្សធម៌ សន្តិសុខ និងសេដ្ឋកិច្ច បន្ថែមទៀត ដល់ អ៊ុយក្រែន ក៏ដូចជាដៃគូសហការនៅ អឺរ៉ុបកណ្ដាល»។
ទាក់ទងនឹងបញ្ហាជំនួយខាងលើ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky កាលពីព្រលប់ថ្ងៃទី ២៥ កុម្ភៈ ក៏ឱ្យដឹងដែរថា លោកបានពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួន ដូចជា អាម៉េរិក, អាល្លឺម៉ង់, បារាំង, ហូឡង់ ជាដើម និងបានមូលមតិគ្នាថា អ៊ុយក្រែន នឹងទទួលបាន «ជំនួយច្រើនជាងមុន»។