Skip to content

បេឡា​រូស ព្យាករ​ថា លក្ខខណ្ឌ​ដើម្បី​ចរចា រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន អាច​កើតឡើង

ប្រធានាធិបតី​បេឡា​រូស បានឱ្យដឹងថា រុស្ស៊ី នឹងធ្វើ​ការចរចា នៅពេល​សំណើ​ស្ដីពី​សន្តិសុខ​របស់​ពួកគេ​ត្រូវបាន​ឆ្លើយតប។

យោងតាម​សារព័ត៌មាន​បេឡា​រូស (Belta) កាលពី​ថ្ងៃទី ២៤ កុម្ភៈ ប្រធានាធិបតី Aleksandr Lukashenko របស់ បេឡា​រូស បានចង្អុលបង្ហាញ​នូវ​លក្ខខណ្ឌ​នានា​ដែល​អាច​ចាប់ផ្ដើម​ការចរចា រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​បំណង​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​កើតឡើង។

នៅ​ចំពោះមុខ​ក្រុម​មេដឹកនាំ​យោធា​របស់ បេឡា​រូស លោក Lukashenko ថ្លែងថា៖ «ត្រូវការ​ចាប់ផ្ដើម​កិច្ចចរចា​ដើម្បី​ទប់ស្កាត់​ការបង្ហូរ​ឈាម​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ រុស្ស៊ី នឹងមិន​ចាប់ផ្ដើម​ចូល​តុ​ចរចា​នោះទេ បើសិន​បញ្ហា​ដែល​គ្រោង​នឹង​យកទៅ​ជជែក មិន​ត្រូវបាន​យល់ស្រប​ជាមុន។

រុស្ស៊ី បាន​ផ្ញើ​សំណើ​ប្រហែល​ពី ៥ ទៅ ៦ ប្រការ របស់ខ្លួន​ទៅកាន់ ណា​តូ សហរដ្ឋ​អាម៉េរិក និង អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន ២ ទៅ ៣ បញ្ហា ដែល​ទាក់ទិន​នឹង អ៊ុយ​ក្រែ​ន។ ទី ១ គឺ ភាព​គ្មាន​យោធា​នៅ អ៊ុយ​ក្រែ​ន, ទី ២ គឺ ការទប់ស្កាត់ អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់ ណា​តូ និង ទី ៣ គឺ ការបញ្ចប់​សកម្មភាព​ជា​អរិភាព​នៅ Donetsk និង Luhansk។ បញ្ហា​ផ្សេងទៀត ក៏​អាច​នឹងត្រូវ​បានលើកឡើង​បន្ថែម។

លោក Lukashenko ក៏បាន​ស្នើឱ្យ​បើក​កិច្ចចរចា​ទាក់ទង​ជាមួយនឹង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅ Minsk ផងដែរ។ «ចូរ​អង្គុយ​ចុះ និង​សម្រេច​វាសនា​របស់​យើង​សម្រាប់​អនាគត។ បើសិន​ខ្ញុំ​ជា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelensky ខ្ញុំ​នឹង​ចាប់យក​ឱកាស​នេះ»។

Leave a Reply

Your email address will not be published. Required fields are marked *