Skip to content

អ៊ុយ​ក្រែ​ន ត្រៀម​រួចរាល់​ដើម្បី​ការពារ​ទឹកដី «សូម្បី​តែមួយ​ចំអាម»

រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Kuleba ប្រកាសថា ប្រទេស​នេះ​បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី សូម្បី​តែមួយ​ចំអាម ប៉ុន្តែ នៅតែ​ផ្ដល់​អាទិភាព​ដល់​ផ្នែក​ការទូត​ជាមួយ រុស្ស៊ី។

«ផែនការ A គឺ​ការប្រើប្រាស់​រាល់​មធ្យោបាយ​ការទូត ដើម្បី​គំរាម រុស្ស៊ី និង​ទប់ស្កាត់​ការកើនឡើង​នៃ​ភាព​តានតឹង។ បើសិនជា​ផែនការ A បរាជ័យ នោះ​ផែនការ B នឹង​ជាការ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី​សម្បី​តែមួយ​ចំអាម​របស់​យើង នៅ​គ្រប់​ទីក្រុង និង​គ្រប់​ភូមិឋាន។ ច្បាស់​ណាស់ យើង​នឹង​ប្រយុទ្ធ​រហូតដល់​ដណ្ដើមបាន​ជ័យជំនះ» រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អាម៉េរិក លោក Antony Blinken នៅ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ២២ កុម្ភៈ។

លោក Kuleba ក៏បាន​រិះគន់ថា រុស្ស៊ី «រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ប្រឆាំងនឹង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន» នៅពេល​ទទួលស្គាល់​ឯករាជ្យ​របស់ Donetsk និង Luhansk ដែលជា​ដែនដី​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។

លោក Antony Blinken

រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​ពិភពលោក ប្រើប្រាស់​រាល់​កម្លាំង​សេដ្ឋកិច្ច​ដើម្បី​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី «ជាបន្ទាន់ និង​ឱ្យបាន​ខ្លាំងក្លា»។ លោក Kuleba ក៏​សម្ដែង​ការ​សាទរ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ រុស្ស៊ី ផងដែរ។

នៅក្នុង​សន្និសីទ​ខាងលើ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ក៏បាន​រិះគន់ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ថា បានបង្ហាញ​នូវ​គោលដៅ «គ្រប់គ្រង អ៊ុយ​ក្រែ​ន ទាំងមូល»។ លោក​ក៏បាន​ប្រកាសថា សហរដ្ឋ​អាម៉េរិក នឹង «នៅតែ​ប្រើប្រាស់» គ្រប់​មធ្យោបាយ​ដែលមាន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​សង្គ្រុប​ទៅលើ អ៊ុយ​ក្រែ​ន ផងដែរ។

សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច តាំងពី​ចុងឆ្នាំ ២០២១ បាន​ចោទថា រុស្ស៊ី ប្រមូលផ្ដុំ​ទាហាន​ជាង ១០០,០០០ នាក់ នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច ដើម្បី​រៀប​ផែនការ​លុកលុយ អ៊ុយ​ក្រែ​ន។ សហរដ្ឋ​អាម៉េរិក បាន​ព្រមាន​ជា​បន្តបន្ទាប់​ថា រុស្ស៊ី ជិត​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ជឿថា ស្ថានការណ៍ «មិនមាន​អ្វី​ថ្មី»។

ភាព​តានតឹង​នៅ​ជុំវិញ «វិបត្តិ អ៊ុយ​ក្រែ​ន» កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែលជា​ដែនដី​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ផ្នែក​យោធា​ជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។

សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី។ ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ប្រកាសថា នឹងមាន​ទណ្ឌកម្ម​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ដាក់ចេញ​បន្ទាប់ពី​ទណ្ឌកម្ម​បើកឆាក បើសិន រុស្ស៊ី មិនមាន​សកម្មភាព​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ អ៊ុយ​ក្រែ​ន៕

Leave a Reply

Your email address will not be published. Required fields are marked *