Skip to content

សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​វាយប្រហារ រាប់​​សិប​គ្រឿង ទៅជិត «របង​ផ្ទះ» របស់ រុស្ស៊ី

អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង F-១៥ និង​ឧទ្ធម្ភាគចក្រ Apache ចំនួន ៣២ គ្រឿង ទៅកាន់ ប្រទេស​ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់​ទិ​ក ក្នុង​គ្រា​ដែល រុស្ស៊ី ពង្រាយ​កងទ័ព​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន ក្រោយពី​លោក ពូ​ទីន បានទទួល​ស្គាល់​ដែនដី​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ម្សិលមិញ បានប្រកាស​ពង្រាយ​ទ័ព​នៅ អឺរ៉ុប ជាថ្មី ក្នុងនោះ អង្គភាព​ជាច្រើន​របស់​យោធា ក៏ត្រូវ​បាន​ពង្រាយ​នៅ​ភាគ​ខាងកើត​របស់ ណា​តូ។ «ខ្ញុំ​បាន​បញ្ជា​ឱ្យ​ពង្រាយ​កម្លាំង និង​សព្វាវុធ​របស់ អាម៉េរិក ដែលមាន​ស្រាប់​នៅ អឺរ៉ុប ដើម្បី​បង្កើត​កម្លាំង​ឱ្យ​សម្ព័ន្ធមិត្ត​នៅ តំបន់​បាល់​ទិ​ក រួមមាន អេ​ស្តូ​នី, ឡេ​តូ​នី និង លី​ទុយ​អា​នី» លោក បៃ​ដិ​ន ឱ្យដឹង​ដូច្នេះ។

កងទ័ព​អាម៉េរិក បង្កើន​វត្តមាន​នៅ​ តំបន់​បាល់ទិក ក្នុង​នោះ​មាន​ ប្រទេស​អេស្តូនី, ឡេតូនី និង លីទុយអានី ផងដែរ​

ក្រសួងការពារជាតិ​អាម៉េរិក ក្រោយមក​ក៏បាន​ប្រកាស​លម្អិត​អំពី​ការ​ចល័ត​ទ័ព ក្នុងនោះ ទាហាន ៨០០ នាក់ នឹងធ្វើ​ដំណើរ​ពី អ៊ីតាលី ទៅកាន់ តំបន់​បាល់​ទិ​ក ខណៈដែល យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៨ គ្រឿង នឹង​ចល័ត​ពី អាល្លឺម៉ង់ ទៅកាន់​តំបន់​យុទ្ធសាស្ត្រ​ជាច្រើន​នៅ​ភាគ​ខាងកើត​របស់ ណា​តូ»។

ឧទ្ធម្ភាគចក្រ​វាយប្រហារ AH-៦៤ Apache ចំនួន ២០ គ្រឿង ដែល​ស្ថិតនៅក្នុង ប្រទេស​អាល្លឺម៉ង់ នឹង​ហោះ​ទៅកាន់ តំបន់​បាល់​ទិ​ក ក្នុង​គ្រា​ដែល ១២ គ្រឿង​ទៀត នឹង​ហោះ​ពី ប្រទេស​ក្រិ​ក ទៅកាន់ ប្រទេស​ប៉ូឡូញ។ លោក បៃ​ដិ​ន ក៏​ប្រកាសថា អាម៉េរិក នឹង​បន្ត​ផ្គត់ផ្គង់​អាវុធ​ការពារ​ខ្លួន ឱ្យទៅ អ៊ុយ​ក្រែ​ន ផងដែរ។

តំបន់​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ ជុំវិញបញ្ហា​វិបត្តិ​អ៊ុយក្រែន

ភាព​តានតឹង​នៅ​ជុំវិញ «វិបត្តិ អ៊ុយ​ក្រែ​ន» កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»៕

Leave a Reply

Your email address will not be published. Required fields are marked *