Skip to content

សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយ ពូ​ទីន ទទួលស្គាល់​ឯករាជ្យ​នៅ Donetsk និង Luhansk

ប្រធានាធិបតី​អាម៉េរិក បានប្រកាស​ដាក់ទណ្ឌកម្ម​ដំបូង​លើ​ធនាគារ និង​ឥស្សរជន​រុស្ស៊ី ព្រមទាំង​សន្យាថា នឹងមាន​ទណ្ឌកម្ម​ជាច្រើន​ទៀត។

«នេះ​គឺជា​ការចាប់ផ្ដើម​សម្រាប់​ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន» លោក ចូ បៃ​ដិ​ន បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ កុម្ភៈ នៅ សេត​វិមាន។ «រុស្ស៊ី ពេលនេះ​ប្រាកដជា​នឹង​លុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន»។

សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​សន្យាថា នឹងដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ រុស្ស៊ី បើសិន ទីក្រុង​មូ​ស្គូ បញ្ជូន​ទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន។ លោក បៃ​ដិ​ន បានប្រកាសថា សហរដ្ឋ​អាម៉េរិក ចាប់ផ្ដើម​ដំឡើង​យន្តការ​នៃ​ការដាក់ទណ្ឌកម្ម​កម្រិត​ធ្ងន់​បំផុត​របស់ខ្លួន ក្នុងនោះ​ក៏មាន​ការបញ្ចូល​ឈ្មោះ​ក្រុម​ឥស្សរជន​រុស្ស៊ី និង​ធនាគារ​ចំនួន ២ របស់​ប្រទេស​នេះ ទៅក្នុង​បញ្ជី​ទណ្ឌកម្ម។ បណ្ដា​ប្រទេស​ត្រូវបាន​ណែនាំ​ជាពិសេស នឹង​បំបាត់​ពួកគេ​ចេញពី​ប្រព័ន្ធ​ធនាគារ​អាម៉េរិក ហាម​ជួញដូរ​ជាមួយ ពលរដ្ឋ​អាម៉េរិក និង​បង្កក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅ សហរដ្ឋ​អាម៉េរិក។

លោក បៃ​ដិ​ន បញ្ជាក់ថា ទណ្ឌកម្ម​ដំបូង​នេះ​នឹង​អនុវត្ត​ទៅលើ​ធនាគារ VEB និង ធនាគារ​យោធា​រុស្ស៊ី Promsvyazbank ដែលជា​ធនាគារ​តែងតែ​ធ្វើ​ប្រតិបត្តិ​ការទាក់ទង​នឹង​វិស័យ​ការពារជាតិ។ រដ្ឋាភិបាល​រុស្ស៊ី ក៏​មិនអាច​ទទួលបាន​ប្រភព​ហិរញ្ញវត្ថុ​ពី​បណ្ដា​ប្រទេស​លោកខាងលិច។

Dmitry Peskov អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង ឱ្យដឹងថា រុស្ស៊ី នឹង​ពិនិត្យ​លើ​អ្វីដែល សហរដ្ឋ​អាម៉េរិក បានលើកឡើង មុននឹង​មានប្រតិកម្ម​តប។

វិបត្តិ​នៅ អ៊ុយ​ក្រែ​ន បន្ត​ឡើងក​ម្ដៅ បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានទទួល​ស្គាល់​ដែនដី Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ជា​ប្រទេស​ឯករាជ្យ និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នា ក្នុងនោះ រុស្ស៊ី មាន​សិទ្ធិ​បង្កើត​មូលដ្ឋានទ័ព​នៅ​ដែនដី​ទាំងនេះ។

នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់ ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់ រុស្ស៊ី។ ចំណែក ទីក្រុង​មូ​ស្គូ វិញ ក៏បាន​ចោទថា អ៊ុយ​ក្រែ​ន បំផ្លាញ​កិច្ចព្រមព្រៀង Minsk និង​ថា លោកខាងលិច រុញច្រាន អ៊ុយ​ក្រែ​ន ឱ្យ​ធ្លាក់​ទៅក្នុង​ទ​ម្លោះ​ប្រដាប់អាវុធ៕

Leave a Reply

Your email address will not be published. Required fields are marked *