ស្ថានទូតចិន ប្រចាំ ប្រទេសអ៊ុយក្រែន បានធ្វើការព្រមានដល់ពលរដ្ឋរបស់ខ្លួនថា មិនត្រូវទៅកាន់តំបន់អស្ថិរភាព និងត្រូវត្រៀមស្បៀងអាហារឱ្យបានគ្រប់គ្រាន់។
«ស្ថានការណ៍នៅ ភាគខាងកើតអ៊ុយក្រែន បានប្រែប្រួលខ្លាំង។ ស្ថានទូតចិន ប្រចាំ ប្រទេសអ៊ុយក្រែន សូមក្រើនរំលឹកដល់ពលរដ្ឋ និងបណ្ដាក្រុមហ៊ុន យកចិត្តទុកដាក់លើប្រកាសនានាស្ដីពីសុវត្ថិភាពដែលត្រូវបានលើកឡើងនៅក្នុងតំបន់ និងមិនត្រូវទៅកាន់តំបន់ទាំងឡាយដែលមានអស្ថិរភាព» ស្ថានទូតចិន បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន នៅថ្ងៃនេះ។
ក្រៅពីការព្រមានដូចខាងលើ ស្ថានទូតចិន ប្រចាំ ប្រទេសអ៊ុយក្រែន មិនបានណែនាំឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពី ទឹកដីអ៊ុយក្រែន ដូចទៅនឹងសារពីប្រទេសផ្សេងៗនោះទេ។
កាលពីដើមខែនេះ បណ្ដាប្រទេស ដូចជា សហរដ្ឋអាម៉េរិក អង់គ្លេស និង អាល្លឺម៉ង់ ជាដើម បានអំពាវនាវឱ្យពលរដ្ឋរបស់ពួកគេ ប្រញាប់ចាកចេញពី ទឹកដីអ៊ុយក្រែន ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យ «រុស្ស៊ី ឈ្លានពាន អ៊ុយក្រែន»។ ស្ថានទូតចិន ពេលនោះ បានស្នើឱ្យពលរដ្ឋចិន រក្សាភាពស្ងប់ស្ងាត់ និងតាមដានស្ថានការណ៍ ព្រមទាំងបានរិះគន់ប្រទេសលោកខាងលិចថា បំប៉ោងស្ថានការណ៍។
ការណែនាំរបស់ ស្ថានទូតចិន ខាងលើនេះ ត្រូវបានលើកឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី ២១ កុម្ភៈ បានប្រកាសទទួលស្គាល់ឯករាជ្យរបស់តំបន់ Donetsk និង Lugansk ដែលបានផ្ដាច់ខ្លួនចេញពី ប្រទេសអ៊ុយក្រែន និងបានចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយមេដឹកនាំរបស់តំបន់ទាំងពីរនេះ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យ រុស្ស៊ី មានសិទ្ធិកសាងមូលដ្ឋានទ័ពនៅ Donetsk និង Lugansk។ លោក ពូទីន ក៏បានបញ្ជាឱ្យក្រសួងការពារជាតិ បញ្ជូនទ័ពទៅតំបន់ទាំងនេះផងដែរ។
ស្ថានការណ៍នៅ អ៊ុយក្រែន បានឡើងកម្ដៅខ្លាំងចាប់តាំងពីចុងឆ្នាំ ២០២១ បន្ទាប់ពី សហរដ្ឋអាម៉េរិក និងលោកខាងលិច បានចោទថា រុស្ស៊ី ពង្រាយទ័ពជាង ១០០,០០០ នាក់ នៅព្រំដែនភាគខាងលិច ដើម្បីអនុវត្តផែនការឈ្លានពាន ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ និងបានរិះគន់ថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បំប៉ោងហានិភ័យស្ដីពីការកើតមានសង្គ្រាម។
សហគមន៍អ្នកយកការណ៍សម្ងាត់របស់បណ្ដាប្រទេសលោកខាងលិច ឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អាចចេញបញ្ជាឱ្យកងទ័ពលុកលុយ អ៊ុយក្រែន គ្រប់ពេល៕