បណ្ដាតំបន់ដែលផ្ដាច់ខ្លួននៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន បានធ្វើការអបអរសាទរដោយការបាញ់កាំជ្រួចចម្រុះពណ៌នៅតាមដងផ្លូវ បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រកាសទទួលស្គាល់ឯករាជ្យរបស់តំបន់ Donetsk និង Luhansk។
វីដេអូដែលត្រូវបានចុះផ្សាយដោយ សារព័ត៌មានរុស្ស៊ី កាលពីថ្ងៃទី ២១ កុម្ភៈ បង្ហាញថា កាំជ្រួចត្រូវបានគេបាញ់ទៅលើអាកាសរបស់ Donetsk ដែលជាទីក្រុងត្រូវបានក្រុមផ្ដាច់ខ្លួនចាត់ទុកជារដ្ឋធានីរបស់ សាធារណរដ្ឋប្រជាមានិត Donetsk (DPR) ជិត ៨ ឆ្នាំមកហើយ។ វីដេអូមួយផ្សេងទៀត ក៏បានបង្ហាញអំពីសកម្មភាពមនុស្សម្នាប្រមូលផ្ដុំគ្នាលើដងផ្លូវក្នុងទីក្រុង និងលើកទង់ជាតិរបស់ រុស្ស៊ី អបអរសាទរចំពោះឥរិយាបថរបស់ ទីក្រុងមូស្គូ។
ការអបអរសាទរក៏ត្រូវបានធ្វើឡើងនៅដែនដីផ្ដាច់ខ្លួន សាធារណរដ្ឋប្រជាមានិត Luhansk (LNR)។ ក្នុងនោះ គេឃើញមានក្បួនរថយន្តយ៉ាងវែង បរឆ្លងកាត់ទីក្រុង និងមានការលើកទង់ជាតិរបស់ប្រទេសផ្ដាច់ខ្លួននេះ ជាមួយនឹងទង់ជាតិរបស់ រុស្ស៊ី ផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី ២១ កុម្ភៈ បានប្រកាសទទួលស្គាល់ឯករាជ្យរបស់តំបន់ Donetsk និង Luhansk ដែលបានផ្ដាច់ខ្លួនចេញពី ប្រទេសអ៊ុយក្រែន និងបានចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយមេដឹកនាំរបស់តំបន់ទាំងពីរនេះ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យ រុស្ស៊ី មានសិទ្ធិកសាងមូលដ្ឋានទ័ពនៅ Donetsk និង Luhansk។ លោក ពូទីន ក៏បានបញ្ជាឱ្យក្រសួងការពារជាតិ បញ្ជូនទ័ពទៅតំបន់ទាំងនេះដើម្បី «រក្សាសន្តិភាព»។
ភ្លាមនោះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ុលឌីមៀរ ហ្សេលេនស្កាយ ក៏បានប្រកាសថា «មិនខ្លាចអ្នកណាទាំងអស់»។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យលោកខាងលិច «គាំទ្រឱ្យបានច្បាស់លាស់» ចំពោះ ប្រទេសអ៊ុយក្រែន។
ចំណែកបណ្ដាប្រទេសលោកខាងលិច រួមនឹង អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសចំពោះទង្វើនេះរបស់លោក ពូទីន ដោយថា រុស្ស៊ី បាន «រំលោភយ៉ាងច្បាស់ក្រឡែត» លើកិច្ចព្រមព្រៀងសន្តិភាព Minsk ព្រមទាំងបាន «រំលោភលើឯករាជ្យ និងអធិបតេយ្យភាពពេញលេញរបស់ អ៊ុយក្រែន» និង «មិនសមស្របទៅនឹងគោលការណ៍ច្បាប់របស់ អង្គការសហប្រជាតិ»៕