Skip to content

ក្រោយពី​បានទទួល​ស្គាល់​តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន រុស្ស៊ី រង​ការ​ថ្កោលទោស​ពី​លោកខាងលិច ខណៈ អ៊ុយ​ក្រែ​ន ប្រកាសថា «មិន​ខ្លាច​អ្នកណា​ទាំងអស់»

ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Lugansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»។

ភ្លាម​ៗ​ក្រោយ​ពី​ រុស្ស៊ី បានទទួល​ស្គាល់​ឯករាជ្យ​របស់ Donetsk និង Luhansk ប្រធានាធិបតី​អ៊ុយក្រែន លោក​វ៉ុលឌីមៀរ ហ្សេលេនស្កាយ ក៏​បាន​ប្រកាស​ថា «មិន​ខ្លាច​អ្នកណាទាំង​អស់» ហើយ​ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​ស្នើ​ឱ្យ​លោក​ខាង​លិច «គាំទ្រ​ឱ្យ​បាន​ច្បាស់​លាស់» ចំពោះ​ ប្រទេស​អ៊ុយក្រែន​។

បណ្ដា​ប្រទេស​លោកខាងលិច ក៏បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​របស់លោក ពូ​ទីន។ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង រួម​នឹង នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូល ថ្ងៃនេះ បានធ្វើការ​រិះគន់​លើ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ថា បាន «រំលោភ​យ៉ាងច្បាស់​ក្រឡែត» លើ​កិច្ចព្រមព្រៀង​សន្តិភាព Minsk នៅពេល​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ផ្ដាច់ខ្លួន​ទាំងពីរ​គឺ Donetsk និង Luhansk នៅ​ភាគ​ខាងកើត នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

ប្រធានាធិបតី​អ៊ុយក្រែន លោក​វ៉ុលឌីមៀរ ហ្សេលេនស្កាយ

ចំណែក​ក​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន វិញ យល់ថា ការសម្រេច​របស់លោក ពូ​ទីន នាំឱ្យមាន «ប្រតិកម្ម​យ៉ាង​រហ័ស និង​ពិតប្រាកដ» ហើយ​ថា សហរដ្ឋ​អាម៉េរិក នឹង​សហការ​ជាមួយ​ដៃគូ ដើម្បី​អនុវត្ត​ជំហាន​ដែល​សមស្រប។

អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គោ​ទែ​រ៉េ​ស ក៏បាន​ឱ្យដឹងថា ការសម្រេចចិត្ត​របស់ រុស្ស៊ី បាន «រំលោភ​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ​របស់ អ៊ុយ​ក្រែ​ន» និង «មិន​សមស្រប​ទៅនឹង​គោលការណ៍​ច្បាប់​របស់ អង្គការ​សហ​ប្រជា​តិ»៕

Leave a Reply

Your email address will not be published. Required fields are marked *