Skip to content

រុស្ស៊ី ៖ អ៊ុយ​ក្រែ​ន បញ្ជូន​ទ័ព​កាន់តែច្រើន ទៅកាន់​ភាគ​ខាងកើត ហើយ​ថា នឹងមាន​ការវាយប្រហា​រ​ធំ​នៅ​យប់​នេះ (២១ កុម្ភៈ)

ទីក្រុង​មូ​ស្គូ បាន​ព្រមាន​ថា កងទ័ព​អ៊ុយ​ក្រែ​ន អាច​បង្កើន​ការវាយប្រហារ​ក្នុង​យប់​នេះ ២១ កុម្ភៈ បន្ទាប់ពី​កងទ័ព​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់ Donbass កាន់តែច្រើន។

សារព័ត៌មាន TASS ដកស្រង់​សម្ដី​របស់​អនុប្រធាន​ទីមួយ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី (សភា ឌូ​ម៉ា) លោក Viktor Vodolatsky អះអាងថា កងកម្លាំងប្រដាប់អាវុធ​របស់ អ៊ុយ​ក្រែ​ន អាច​បង្កើន​ការវាយប្រហារ​នៅ​តំបន់​ក្បែរ​បណ្ដា​ប្រទេស​ផ្ដាច់ខ្លួន Donetsk និង Lugansk នៅ​យប់​ថ្ងៃទី ២១ កុម្ភៈ ២០២២។

«Right Sector (គណបក្ស​ជាតិនិយម​អ៊ុយ​ក្រែ​ន) និង​កងកម្លាំងប្រដាប់អាវុធ​របស់ អ៊ុយ​ក្រែ​ន កំពុង​ចល័ត​ទ័ព​កាន់តែច្រើន ទៅកាន់ Lugansk និង Donetsk។ ប្រការនេះ​បង្ហាញថា ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ នៅ​យប់​នេះ នឹងមាន​ការវាយប្រហា​រ​កាន់តែខ្លាំង» លោក Bodolatsky ថ្លែង​ដូច្នេះ។

ដែនដី​ផ្ដាច់ខ្លួន Lugansk (LPR) និង Donetsk (DPR) បាន​រាយការណ៍​ថា មានការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​យ៉ាងខ្លាំង​ក្លា​ពី​កងទ័ព​ទីក្រុង​កៀវ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ។ ចំណេ​ក​ភាគី អ៊ុយ​ក្រែ​ន វិញ ក៏បាន​ចោទប្រកាន់​កងកម្លាំង​ផ្ដាច់ខ្លួន​ថា បាន​រំលោភ​បទ​ឈប់​បាញ់។

កាលពី​ថ្ងៃទី ១៨ និង ១៩ កុម្ភៈ ក្រុម​ផ្ដាច់ខ្លួន LPR និង DPR បានចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ​ទៅកាន់​តំបន់ Rostov ភាគខាងត្បូង​ប្រទេស​រុស្ស៊ី ដោយសារ​ត្រូវ​រង​ការវាយប្រហារ​ពី កងទ័ព​អ៊ុយ​ក្រែ​ន និង​ស្ថានការណ៍​កាន់តែ​តានតឹង​នៅតាម​បណ្ដោយ​ព្រំដែន​មិន​ផ្លូវការ និង​ហានិភ័យ​ត្រូវ អ៊ុយ​ក្រែ​ន វាយប្រហារ​ជា​ផ្លូវការ។

ចំណែក រុស្ស៊ី និង​ភាគី​ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង Minsk ២០១៥ ក៏​កំពុង​ប្រឹងប្រែង​លើ​ផ្នែក​ការទូត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ រុស្ស៊ី ក៏បាន​រំលឹក​អំពី​ទាមទារ​របស់ខ្លួន ទៅកាន់ ណា​តូ ស្ដីពី​ការធានា​សន្តិសុខ​ពី​សំណាក់​ក្រុម​នេះ។

រីឯ សហរដ្ឋ​អាម៉េរិក វិញ ឱ្យដឹងថា ប្រភពព័ត៌មាន​សម្ងាត់​របស់ខ្លួន បាន​អះអាងថា កងទ័ព​រុស្ស៊ី កំពុង​រៀបចំ​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាហាន​ប្រមាណ ១៩០,០០០ នាក់ បាន​ត្រៀមខ្លួន​រួចរាល់។

នៅ​ចំពោះមុខ​ការចោទប្រកាន់​នេះ រុស្ស៊ី កាលពី​ថ្ងៃទី ២០ កុម្ភៈ បាន​អះអាង​ជាថ្មី​ថា ប្រទេស​នេះ​មិនមាន​ផែនការ​ឈ្លានពាន​ប្រទេស​ណាមួយ​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *