Skip to content

ម៉ាឡេស៊ី ​កំពុង​​ពិចារណា​លើ​ការ ​«ហាម​​ជប់​​បារី​​ចំពោះ​​ពលរដ្ឋ​​កើត​​ក្រោយ​​ឆ្នាំ​ ២០០៥»

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បានឱ្យដឹងថា ប្រទេស​នេះ​នឹង​ចេញ​ច្បាប់​ហាម​ជក់ និង​រក្សាទុក​បណ្ដា​ផលិតផល​បារី ចំពោះ​ពលរដ្ឋ​ដែល​កើត​ក្រោយ​ឆ្នាំ ២០០៥។

«យើង​សង្ឃឹមថា សេចក្ដីព្រាងច្បាប់​នឹងត្រូវ​បានអនុម័ត​នៅក្នុង​ឆ្នាំនេះ និង​បញ្ចប់​ជំនាន់​ជក់បារី ដោយ​ចាត់វិធានការ​ប្រែក្លាយ​សកម្មភាព​លក់​បារី និង​បណ្ដា​ផលិតផល​សម្រាប់​ជក់​ផ្សេងទៀត ចំពោះ​អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ ២០០៥ ឱ្យទៅជា​អំពើ​ខុសច្បាប់» រដ្ឋមន្ត្រី​សុខាភិបាល Khairy Jamaluddin បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​ទិវា​ជំងឺមហារីក​របស់ ម៉ាឡេស៊ី កាលពី​ថ្ងៃទី ១៧ កុម្ភៈ ២០២១។

លោក Khairy យល់ថា សេចក្ដីព្រាងច្បាប់​នេះ នៅពេល​ត្រូវ​បានអនុម័ត នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺផ្សេងៗដោយសារ​ការជក់បារី របស់​មនុស្ស​ជំនាន់​ក្រោយ ព្រោះតែ​បារី ត្រូវបាន​ចាត់ទុកថា ជា​មូលហេតុ​បណ្ដាលឱ្យ​កើត​ជំងឺមហារីក។

«បើសិន​អ្នកមាន​អាយុ ១៧ ឆ្នាំ ហើយ​សភា​ម៉ាឡេស៊ី បានអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ អ្នកនឹង​មិនអាច​រក​ទិញ​បារី​បាន​ទៀត​ទេ នៅ​ប្រទេស​នេះ» លោក Khairy Jamaluddin បញ្ជាក់​ដូច្នេះ។

លោក​រដ្ឋមន្ត្រី​ជឿថា សេចក្ដីព្រាង​នេះ​នឹង​ក្លាយជា​ច្បាប់​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​បណ្ដា​ជំងឺ​ដែល​មិន​ឆ្លង ដូចជា ជំងឺមហារីក​ជាដើម។ ករណី​ជំងឺមហារីក​នៅ ម៉ាឡេស៊ី ឆ្នាំ ២០១២-២០១៦ កើន ១១% ឡើងដល់ ១១៥,២៣៨ ករណី ខណៈដែល​តួលេខ​នេះ​ក្នុងអំឡុង ៥ ឆ្នាំមុន​នោះ គឺ ១០៣,៥០៧ ករណី។

មហារីក​គឺជា​មូលហេតុ​នៃ​ការស្លាប់​ក្នុង​អត្រា​ខ្ពស់​ដែល​ត្រូវបាន​កត់ត្រា​នៅតាម​មន្ទីរពេទ្យ​ឯកជន នៅ ម៉ាឡេស៊ី ស្មើនឹង ៣៤.៩៥% និង​ឈរ​លំដាប់​ទី ៤ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដោយមាន ១១.៥៦%៕

Leave a Reply

Your email address will not be published. Required fields are marked *