Skip to content

ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ប្រៀប​ដូច​រំសេវ​នៅក្បែរ​អណ្ដាតភ្លើង

ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​កំពុងតែ​កើនឡើង​ទៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ដោយមាន​ការបាញ់​បន្តក់​គ្រាប់​ប្លោង​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យគេ​ជឿថា តំបន់​នេះ​ប្រៀប​ដូច​រំសេវ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​អណ្ដាតភ្លើង អាច​នឹង​ឆាបឆេះ​ផ្ទុះឡើង​ហួស​ពី​ការគ្រប់គ្រង។

អំពើហិង្សា​បាន​កើនឡើង​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន នៅពេល​ក្រុម​ផ្ដាច់ខ្លួន​ដែល​ស្និទ្ធ​នឹង រុស្ស៊ី និង​អាជ្ញាធរ​របស់​ទីក្រុង​កៀវ បាន​ចោទប្រកាន់​គ្នា​ថា បាន​រំលោភ​បទ​ឈប់​បាញ់​នៅតាម​បណ្ដោយ​សមរភូមិ​រវាង​ក្រុម​ទាំងនេះ។ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្ងៃនេះ បានឱ្យដឹងថា លោក​ជឿថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចិត្ត​វាយលុក អ៊ុយ​ក្រែ​ន ហើយ​សង្គ្រាម​អាច​ចាប់ផ្ដើម «នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ» បើទោះជា វិមាន​ក្រឹម​ឡាំង ធ្លាប់​អះអាងថា មិនដែល​មានបំណង​លុកលុយ អ៊ុយ​ក្រែ​ន ក៏ដោយ។

ភាព​តានតឹង​បាន​កើនឡើង​មួយកម្រិត​ថែមទៀត បន្ទាប់ពី រុស្ស៊ី បាន​ផ្ញើ​ឯកសារ ១០ ទំព័រ ឱ្យទៅ សហរដ្ឋ​អាម៉េរិក ដែល​ព្រមាន​ថា រុស្ស៊ី នឹង​ប្រើប្រាស់ «វិធានការ​យោធា-បច្ចេកទេស» បើសិន អាម៉េរិក និង​សម្ព័ន្ធមិត្ត មិនបាន​ធានា​ឱ្យបាន​ស្របច្បាប់​នូវ​សំណើ​ផ្នែក​សន្តិសុខ​របស់ខ្លួន ក្នុងនោះ ណា​តូ ត្រូវតែ​សន្យាថា នឹងមិន​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក ក៏ដូចជា ការកាត់បន្ថយ​ការពង្រាយ​ទ័ព​នៅ អឺរ៉ុប​ខាងកើត។

នៅឯ អង្គការសហប្រជាជាតិ រុស្ស៊ី បាន​បន្ត​ចោទ អ៊ុយ​ក្រែ​ន ថា កំពុង​អនុវត្ត «ផែនការ​ប្រល័យពូជសាសន៍» ទៅលើ​សហគមន៍​អ្នក​និយាយ​ភាសា​រុស្ស៊ី នៅ​ប្រទេស​នេះ។ ប៉ុន្តែ ក្រុម​ប្រទេស​លោកខាងលិច​បាន​ច្រានចោល និង​យល់ថា ទីក្រុង​មូ​ស្គូ កំពុង​លេច​ល្បិច​ដើម្បី​ការពារ​សកម្មភាព​យោធា​របស់ខ្លួន ប្រឆាំង ទីក្រុង​កៀវ។

កាលពី​ថ្ងៃទី ១៧ កុម្ភៈ សាលារៀន ២ កន្លែង ត្រូវ​រង​គ្រាប់កាំភ្លើង​ត្បាល់​ពី​ក្រុម​ផ្ដាច់ខ្លួន។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បាន​ហៅ​ការវាយប្រហារ​នេះ​ថា ជា «អំពី​បង្កហេតុ​ធំ» របស់​កងកម្លាំង​ផ្ដាច់ខ្លួន។ ក៏ប៉ុន្តែ ក្រុម​ផ្ដាច់ខ្លួន បាន​បដិសេធ និង​ចោទ​ត្រលប់​មកវិញ​ថា ជាការ​បង្កើតឡើង​រប​ស់ អាជ្ញាធរ​អ៊ុយ​ក្រែ​ន ខណៈ រុស្ស៊ី បន្ទរ​តាម​ពីក្រោយ។

ក្រៅពី​ហេតុការណ៍​ខាងលើ ក៏​នៅមាន​ករណី​ជាច្រើន​ផ្សេងទៀត​ដែលនាំឱ្យ​ភាព​តានតឹង​នៅ ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ឡើងក​ម្ដៅ ក្នុងនោះ​មានដូចជា ករណី​បំផ្ទុះ​រថយន្តយោធា​មួយគ្រឿង​របស់​កងកម្លាំង​ផ្ដាច់ខ្លួន DPR, ការផ្ទុះ​បំពង់​បង្ហូរ​ប្រេង ការ​ចល័ត​ទ័ព​មកកាន់​ព្រំដែន អ៊ុយ​ក្រែ​ន ពី​សំណាក់ រុស្ស៊ី និង​ការ​ប្រតិកម្ម​នានា​របស់ ណា​តូ និង សហរដ្ឋ​អាម៉េរិក។ល។

Leave a Reply

Your email address will not be published. Required fields are marked *