(វីដេអូ)-សារមន្ទីរ​ដែល​មនុស្ស​អាច​មើលឃើញ​អនាគត​របស់​ពិភពលោក​ឆ្នាំ ២០៧១

សារមន្ទីរ​ស្ដីពី​​អនាគត (Museum of the Future) នៅ ទីក្រុង​ឌូ​បៃ មាន​សាល​តាំងពិព័រណ៍​ដែលមាន​លក្ខណៈ​ជា​ពិភពលោក​នាពេល​អនាគត។

ស្ថិតនៅ​ក្បែរ Jumeirah Emirates Towers សារមន្ទីរ​ដែល​តាំង​បង្ហាញ​សិល្បៈ​តាមរយៈ​បច្ចេកវិទ្យា ដែលមាន​ឈ្មោះថា Museum of the Future របស់ ឌូ​បៃ អនុញ្ញាតឱ្យ​អ្នក​ចូល​ទស្សនា​មើលឃើញ​នូវ​អនាគត​នៃ​សុខភាព លំហ វិញ្ញាណ បច្ចេកទេស​ជីវសាស្ត្រ និង​ធម្មជាតិ។ ជាក់ស្ដែង សារមន្ទីរ​នេះ​នឹង​បង្ហាញ​គ្រប់គ្នា​អំពី​ពិភពលោក​ឆ្នាំ ២០៧១។

យោងតាម The National អគារ​កម្ពស់ ៧៨ ម៉ែត្រ ត្រូវបាន​ទស្សនាវដ្ដី National Geographic ចាត់​ថា​ជា​សារមន្ទីរ​មួយ​ក្នុងចំណោម ១៤ ដែល​ស្អាត​បំផុត​ក្នុង​ពិភពលោក។ សារមន្ទីរ​នេះ​មាន ៧ ជាន់ ក្នុងនោះ មាន ៥ ជាន់​ជា​សាល​ពិព័រណ៍​សំខាន់។ ជាន់នីមួយៗ មាន​លក្ខណៈ​ដូច​ទៅនឹង​ទីតាំង​ថត​ភាពយន្ត​ដែល​មកពី​អនាគត។

ការតុបតែង​ខាងក្នុង និង​ខាងក្រៅ​របស់​សារមន្ទីរ ក៏​បង្ហាញ​អំពី​ការចូលរួមចំណែក​នៃ​វប្បធម៌​របស់ អារ៉ាប់ នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​គណិតវិទ្យា​ផងដែរ។

តាមរយៈ​បច្ចេកវិទ្យា ភ្ញៀវ​ក៏​អាច​ស្វែងយល់​តំបន់​អភិរក្ស ដែលជា​ផ្នែក​មួយ​របស់​ព្រឹត្តិការណ៍​ពិព័រណ៍​ស្ដីពី​សុខភាព។ សត្វមានជីវិត​ទាំងឡាយ​ដែលមាន​នៅក្នុង ព្រៃ​អា​ម៉ា​ហ្សូ​ន ក៏​ត្រូវបាន​លាតត្រដាង​នៅទីនេះ។ សម្រាប់​កុមារ សារមន្ទីរ​នេះ​ក៏មាន​សាល​ដែល​អាចឱ្យ​ពួកគេ​ស្វែងយល់ និង​រៀនសូត្រ​តាម​ផងដែរ។

ផ្នែក​ខាងក្រៅ​របស់​អគារ​សារមន្ទីរ ត្រូវបាន​រចនា​តាម​រូបរាង​របស់​ព្រះ​ចន្ទ អនុញ្ញាតឱ្យ​ភ្ញៀវ​ទទួលបាន​អារម្មណ៍​ដូច​ទៅនឹង​ការ​គយគន់​ព្រះ​ចន្ទ​ពី​ស្ថានីយ​អវកាស​ដែលមាន​កម្ពស់ ៦០០ គីឡូម៉ែត្រ ពី​ផែនដី។

សម្រាប់​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​នេះ​វិញ មានតម្លៃ ៣៩.៥ ដុល្លារ​អាម៉េរិក។ សារមន្ទីរ​នេះ​នឹង​បើកទ្វារ​ទទួលភ្ញៀវ ចាប់ពី​ថ្ងៃទី ២២ កុម្ភៈ ២០២២ ខាងមុខ។ កុមារ​អាយុ​ក្រោម ៣ ឆ្នាំ និង​ជនពិការ រួម​នឹង​ពលរដ្ឋ​របស់ អារ៉ាប់​រួម ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ៕

Advertisement