សារមន្ទីរស្ដីពីអនាគត (Museum of the Future) នៅ ទីក្រុងឌូបៃ មានសាលតាំងពិព័រណ៍ដែលមានលក្ខណៈជាពិភពលោកនាពេលអនាគត។
ស្ថិតនៅក្បែរ Jumeirah Emirates Towers សារមន្ទីរដែលតាំងបង្ហាញសិល្បៈតាមរយៈបច្ចេកវិទ្យា ដែលមានឈ្មោះថា Museum of the Future របស់ ឌូបៃ អនុញ្ញាតឱ្យអ្នកចូលទស្សនាមើលឃើញនូវអនាគតនៃសុខភាព លំហ វិញ្ញាណ បច្ចេកទេសជីវសាស្ត្រ និងធម្មជាតិ។ ជាក់ស្ដែង សារមន្ទីរនេះនឹងបង្ហាញគ្រប់គ្នាអំពីពិភពលោកឆ្នាំ ២០៧១។
យោងតាម The National អគារកម្ពស់ ៧៨ ម៉ែត្រ ត្រូវបានទស្សនាវដ្ដី National Geographic ចាត់ថាជាសារមន្ទីរមួយក្នុងចំណោម ១៤ ដែលស្អាតបំផុតក្នុងពិភពលោក។ សារមន្ទីរនេះមាន ៧ ជាន់ ក្នុងនោះ មាន ៥ ជាន់ជាសាលពិព័រណ៍សំខាន់។ ជាន់នីមួយៗ មានលក្ខណៈដូចទៅនឹងទីតាំងថតភាពយន្តដែលមកពីអនាគត។
ការតុបតែងខាងក្នុង និងខាងក្រៅរបស់សារមន្ទីរ ក៏បង្ហាញអំពីការចូលរួមចំណែកនៃវប្បធម៌របស់ អារ៉ាប់ នៅក្នុងវិស័យវិទ្យាសាស្ត្រ ស្រាវជ្រាវ និងគណិតវិទ្យាផងដែរ។
តាមរយៈបច្ចេកវិទ្យា ភ្ញៀវក៏អាចស្វែងយល់តំបន់អភិរក្ស ដែលជាផ្នែកមួយរបស់ព្រឹត្តិការណ៍ពិព័រណ៍ស្ដីពីសុខភាព។ សត្វមានជីវិតទាំងឡាយដែលមាននៅក្នុង ព្រៃអាម៉ាហ្សូន ក៏ត្រូវបានលាតត្រដាងនៅទីនេះ។ សម្រាប់កុមារ សារមន្ទីរនេះក៏មានសាលដែលអាចឱ្យពួកគេស្វែងយល់ និងរៀនសូត្រតាមផងដែរ។
ផ្នែកខាងក្រៅរបស់អគារសារមន្ទីរ ត្រូវបានរចនាតាមរូបរាងរបស់ព្រះចន្ទ អនុញ្ញាតឱ្យភ្ញៀវទទួលបានអារម្មណ៍ដូចទៅនឹងការគយគន់ព្រះចន្ទពីស្ថានីយអវកាសដែលមានកម្ពស់ ៦០០ គីឡូម៉ែត្រ ពីផែនដី។
សម្រាប់សំបុត្រចូលទស្សនាសារមន្ទីរនេះវិញ មានតម្លៃ ៣៩.៥ ដុល្លារអាម៉េរិក។ សារមន្ទីរនេះនឹងបើកទ្វារទទួលភ្ញៀវ ចាប់ពីថ្ងៃទី ២២ កុម្ភៈ ២០២២ ខាងមុខ។ កុមារអាយុក្រោម ៣ ឆ្នាំ និងជនពិការ រួមនឹងពលរដ្ឋរបស់ អារ៉ាប់រួម ដែលមានអាយុចាប់ពី ៦០ ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាដោយមិនគិតថ្លៃ៕